(ក្រុងលីល)៖ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី អង់គ្លេស និងវ៉េល បានផ្ទុះហិង្សាដាក់គ្នាជាថ្មីទៀត នៅរយៈពេល១ម៉ោង ក្រោយពេលរុស្ស៊ីត្រូវបានបំបាក់ ២-១ ដោយក្រុមស្លូវ៉ាគីក្នុងវគ្គសន្សំពិន្ទុ Euro 2016 យប់មិញនេះ។

សារព័ត៌មាន Dailymail បានឲ្យដឹងថា ការប៉ះទង្គិចគ្នាជាថ្មីនេះដែរ គឺបានឡើងនៅក្រៅពហុកីឡដ្ឋាន Denis Pierre-Mauroy ជាទីដែលរុស្ស៊ី បានប្រកួតចាញ់ក្រុមជម្រើសជាតិស្លូវ៉ាគី ២-១ ទៀតស្ថិតក្នុងទី ក្រុង Lille នៃប្រទេសបារាំង ដែលបង្ខំឲ្យប៉ូលិសបង្រ្កាបកុបកម្មបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ដើម្បីបំបែកពួកគេផងដែរ ជាមួយនឹងមនុស្ស១៦នាក់បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្លាមៗផងដែរ ក្រៅពីក្រុមបង្កជំលោះចំនួន ៣៦នាក់ត្រូវបានចាប់ខ្លួន។

តែយ៉ាងណាក៏ដោយ សារព័ត៌មានខាងលើមិនបានបញ្ជាក់ថា ក្រុមអ្នកគាំទ្រខាងណាបង្កមុននោះទេ គ្រាន់តែដឹងថា បានកើតឡើងនៅក្នុងហាងផឹកស៊ី និងហាងកាហ្វេដែលមានឈ្មោះថា Café Oz ដែលមានអ្នកគាំទ្ររុស្ស៊ីប្រមាណ ៤០០នាក់ អ្នកគាំទ្រវ៉េលប្រហែល ១៥នាក់ និងអ្នកគាំទ្រអង់គ្លេស ប្រមាណ ២០០នាក់ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ «កាលពីពីព្រឹកម្សិលមិញ ក្រុមអ្នកគាំទ្ររុស្ស៊ី បានបង្ហោះសារណាត់ជួបប្រកួតគ្នាទល់នឹងអ្នកគាំទ្រអង់គ្លេស នៅក្នុងហាងកាហ្វេ ស្ថិតក្នុងទីក្រុង Lille ជាថ្មី»

សូមរំលឹកផងដែរថា កាលពីដើមសប្តាហ៍ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ត្រូវបានសហព័ន្ធ UEFA ពិន័យជាទឹកប្រាក់ ១៥ម៉ឺនអឺរ៉ូ និងគំរាមដកសិទ្ធិប្រកួតក្នុង Euro 2016 ទៀតផង ដោយសារតែអ្នកគាំទ្ររបស់ខ្លួន បានបង្កហិង្សាទៅលើក្រុមអ្នកគាំទ្រអង់គ្លេស ដែលបានបណ្តាលឲ្យមានមនុស្ស ២០នាក់រងរបួស ហើយរុស្ស៊ី ក៏កំពុងប្រឈមទៅនឹងការហាលអាវក្នុងពូលដូច Euro 2012 ផងដែរ ដោយសារតែចាញ់ស្លូវ៉ាគី ២-១ យប់មិញទៀត ទើបរកបាន១ពិន្ទុនៅឡើយ ពេលស្មើ ១-១ ទល់នឹងអង់គ្លេស៕