(ភ្នំពេញ)៖ លោក ពុយ គា អ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន និងជាអ្នកតែងតាមដានរឿងក្រៅឆាកក្នុងកិច្ចប្រជុំអាស៊ាន នៅពេលថ្មីៗនេះ លោកក៏បានចូលរួមកិច្ចប្រជុំកំពូលG20 ដែលរៀបចំឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីផងដែរ។ ក្នុងកិច្ចប្រជុំនេះ លោក ពុយ គា ក៏បន្តតាមប្រមាញ់ព្រឹត្តិការណ៍នានា ដែលកើតឡើងនៅក្រៅឆាកនៃវេទិកានោះផងដែរ។

ក្នុងចំណោមរឿងក្រៅឆាកជាច្រើននៅក្នុងវេទិកានោះ លោក ពុយ គា ក៏បានចាប់អារម្មណ៍នឹងរឿងរដ្ឋមន្ត្រីសាធារណការឥណ្ឌូនេស៊ី ក្លាយជាអ្នកថតរូបដ៏ស្វិតស្វាញមួយរូបនៅក្នុងកិច្ចប្រជុំG20 ទោះជាត្រូវគេដេញ ឬឱ្យថតឆ្ងាយពីមេដឹកនាំក្តី។

ខាងក្រោមនេះ គឺសំណេរដើមទាំងស្រុង ដែលត្រូវបានគូសរំលេចដោយលោក ពុយ គា៖

លោករដ្ឋមន្ត្រី បានស្លៀកពាក់ដូចអ្នកថតរូបដទៃទៀតដែររួមទាំងស្ទីលពាក់មួកបញ្រ្ចាសទៅក្រោយ ហើយមានមនុស្សតិចណាស់បានដឹងលើកលែង តែជនជាតិឥណ្ឌូនេស៊ីមួយចំនួន ដែលតាមដានព័ត៌មានប៉ុណ្ណោះ។

លោក Basuki Hadimuljono អាយុ ៦៨ឆ្នាំ ជារដ្ឋមន្ត្រីជំនិតមួយរូបរបស់ប្រធានាធិបតី លោក Jokowi ហើយក៏ជារដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាពដែលបានកសាងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅក្នុងប្រទេស។

លោក Basuki ជាអ្នកវាយស្គរផង និងដេញហ្គីតាផង ទោះជាលោកក្លាយជារដ្ឋមន្រ្តីក៏ដោយ។ លោក Basuki ត្រូវបានអ្នកសារព័ត៌មានតាមប្រមាញ់នូវសកម្មភាពរបស់គាត់ជាអ្នកថតរូបនៅឯពិធីនានាដែលគាត់អាចឆ្លៀតបាន និងនៅតែបន្តលេងភ្លេង ហើយម្តងម្កាល លោកស្រី Retno រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន ក៏ចូលរួមជាមួយគាត់ក្នុងនាមជាអ្នកចម្រៀងផងដែរ។

និយាយដល់កន្លែងនេះ ខ្ញុំក៏នឹកឃើញដល់រដ្ឋមន្រ្តីការបរទេសកម្ពុជាបច្ចប្បន្ន លោក ប្រាក់ សុខុន ដែលមិនមែនពូកែត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ តែថែមទាំងជាអ្នកលេងហ្គីតានិងជាអ្នកចម្រៀងដ៏ឆ្នើមមួយរូបនៅក្នុង «ក្រុមភ្លេងតាតា» ហើយជារឿយៗ លោកចូលចិត្តច្រៀងបទ «Your Man» ជាភាសាអង់គ្លេសហើយដេញហ្គីតាសាំក្នុងពេលតែមួយ។ «Your Man» ជាបទចម្រៀងមនោសញ្ចេតនាបែបស្រុកស្រែនៅសហរដ្ឋអាម៉េរិកច្រៀងដោយលោក Josh Turner នៅឆ្នាំ២០០៥ ហើយដែលនារីៗតែងលួចស្រលាញ់អត្ថន័យ នៃបទចម្រៀងមួយនេះ និងម្ចាស់សំនៀងផងដែរ។

កាលពីដើមខែសីហា ក្នុងឆ្នាំនេះ ក្រោយពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចប់ដោយជោគជ័យ លោក ប្រាក់ សុខុន ដែលមានឋានៈជាឧបនាយករដ្ឋមន្រ្តីផងនោះ បានរៀបចំពិធីជប់លៀងមួយ ហើយក៏ដើម្បីរំលឹកខួប ៥៥ឆ្នាំថ្ងៃកំណើតអាស៊ានផង បានឡើងលើវេទិកា «ទាញហ្គីតាមកដេញ ហើយច្រៀងយ៉ាងឡូយ» ធ្វើឱ្យអ្នកចូលរួមទះដៃ និងរំភើបជំនួស។

តើនៅកម្ពុជាមានរដ្ឋមន្រ្តីប៉ុន្មានរូបដែលចេះលេងភ្លេង ច្រៀង និងរាំពូកែ? ខ្ញុំនឹងសរសេរនៅក្នុងសៀវភៅ «អាថ៌កំបាំងក្រៅឆាកភាគ២របស់ខ្ញុំ»៕