(បាត់ដំបង)៖ កិច្ចប្រជុំផ្សព្សផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ ត្រូវបានធ្វើឡើងនៅរសសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ រៀបចំឡើងនៅសាលប្រជុំ នៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំង ប៉ុន្តែលទ្ធផលដែលធ្វើបានសក្ដានុពលទាំងនោះ គឺមានតិចតួចតែប៉ុណ្ណោះ ដែលយើងមិនទាន់ធ្វើឲ្យអស់លទ្ធភាព។ នៅថ្ងៃអនាគតរាជរដ្ឋាភិបាលគ្រោងធ្វើផ្លូវពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបង្កឲ្យខេត្តបាត់ដំបងនេះ ជាខេត្តលេចធ្លោមួយនៅក្នុងប្រទេស ក្នុងវិស័យដឹកជញ្ជូន ការធ្វើដំណើរទៅកាន់ទីគ្រប់កន្លែងជិតឆ្ងាយ។

លោកបានបន្តទៀតថា សព្វថ្ងៃនេះផលិតផលកសិកម្ម មិនទាន់មានការកែច្នៃអស់នៅឡើយ ដោយសារមិនទាន់មានរោងចក្រកែច្នៃគ្រប់គ្រាន់ ដូចនេះត្រូវការសភាពាណិជ្ជកម្មមួយដែលខ្លាំងដើម្បីធ្វើការផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ឲ្យមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងប្រទេស ដើម្បីឲ្យកំណើនជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឲ្យផលដំណាំកសិកម្មមានតម្លៃអាចទទួលយកបាន។

ក្នុងឱកាសនោះ លោក ម៉ៅ ថូរ៉ា បានថ្លែងនូវការកោតសរសើរ ខេត្តបាត់ដំបងមានសមាជិកទីប្រឹក្សាក្នុងសភាពាណិជ្ជកម្មក្នុងខេត្តច្រើន គួរឲ្យកត់សម្គាល់ ដែលគាត់ចង់ចូល​រួម​ជាមួយ​សភាពាណិជ្ជកម្មខេត្ត ដើម្បីពង្រឹងសភាពាណិជ្ជកម្ម ឲ្យកាន់តែរឹងមាំ ហើយអ្នកទាំងអស់នោះ គឺជាអាជីវករស្របច្បាប់ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួនផងដែរ។

លោកបានបញ្ជាក់ថា សភាពាណិជ្ជកម្មអត់មានគោលនយោបាយផ្ទាល់ខ្លួននោះទេ គឺត្រូវអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ហើយ​ក្នុងពេលថ្មីៗកន្លងទៅនេះសម្ដេចក្រឡាហោម ស ខេង បានចេញនូវលិខិតមួយណែនាំដល់អាជ្ញាធរខេត្ត សហការជាមួយសភាពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែល​កើតមានឡើងក្នុងខេត្ត។

លោកបានបន្ថែមថា សព្វថ្ងៃនេះមានបញ្ហាចម្បងមួយ គឺការតាំងពិពរណ៌ ជាពិសេសប្រទេសជិតខាងចង់តាំងពិពរណ៌នៅប្រទេសកម្ពុជា ហើយភាគច្រើនផលិតផលរបស់​ប្រទេស ជិតខាងមានច្រើនជាងផលិតផលក្នុងស្រុក ដូចនេះសភាពាណិជ្ជកម្ម គួរតែធ្វើការសហការជាមួយប្រទេសជិតខាងរៀបចំជាពិពរណ៌ ឬធ្វើការតាំងពិពរណ៌យើងនៅក្នុងប្រទេសជិតខាងក៏បាន ដើម្បីបង្ហាញផលិតផលក្នុងស្រុកយើងឲ្យកាន់តែទូលំទូលាយផងដែរ៕