(ភ្នំពេញ)៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានអនុញ្ញាតឱ្យសាធារជនយកឡូហ្គោផ្លូវការ នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន យកទៅប្រើប្រាស់ក្នុងកម្មវិធីនានា ដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ។

ដើម្បីទទួលបានឡូហ្គោនេះយកទៅប្រើប្រាស់ សាធារណជនត្រូវដាក់ពាក្យស្នើសុំពីស្ថានទូតជប៉ុន តាមតំណភ្ជាប់ (Link) ដូចក្រោម៖
១៖ (ភាសាអង់គ្លេស) https://www.kh.emb-japan.go.jp/itpr_ja/11_000001_01076.html
២៖ (ភាសាជប៉ុន) https://www.kh.emb-japan.go.jp/itpr_ja/11_000001_01075.html

សូមបញ្ជាក់ថា ឡូហ្គោបង្ហាញពីចំណងការទូតកម្ពុជា-ជប៉ុនលើកទី៧០នេះ ត្រូវបានបង្ហាញជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឡូហ្គោ សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងកម្ពុជា-ជប៉ុន គឺជាស្នាដៃរបស់លោក រឿន ម៉េងឡុង និស្សិតមហាវិទ្យាល័យសិល្បៈសូនរូបឆ្នាំទី៤ ជំនាន់ទី១៤ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកទេស គំនូរសារគមនាគមន៍។

សូមបញ្ជាក់ថា ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ កម្ពុជា និងជប៉ុន បានសម្រេចដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាទំនាក់ទំនងកម្រិតកំពូលមួយ។ កម្ពុជា និងជប៉ុន គ្រោងរៀបចំកម្មវិធីជាច្រើនទៀត ដើម្បីសាទរខួបទំនាក់ទំនងនេះ៕