(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានធ្វើដំណើរដោយជិះកង់ ដឹកនាំមន្ត្រីសាលាខណ្ឌ បាននាំយកអំណោយជាសម្ភារៈមួយចំនួន ចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបានចូលសួរសុខទុក្ខ ប្រជាពលរដ្ឋ ចំនួន ០២នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងផ្ទះ ដោយបានជូនថវិកា ក្នុងម្នាក់ៗ ៤០០,០០០រៀល។

នាឱកាសនេះដែរ លោកធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលលោកប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់ពលរដ្ឋជានិច្ច ក្នុងគ្រាជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមាន លោក ឃួង ស្រេង និងបានចាត់រូបលោកជាតំណាង ចុះជួបដើម្បីដឹងសុខទុក្ខ ប្រជាពលរដ្ឋ។ សកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ខណៈលោកអភិបាលចុះដល់ខ្នងផ្ទះនេះ គឺដើម្បីឃើញស្ថានភាពផ្ទាល់ នៃជីវភាពពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ ប្រជាជនទាំងអស់ នៅមូលដ្ឋានខណ្ឌព្រែកព្នៅ ពិសេសពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការភាព បន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះ អាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ ងាយនឹងរងជំងឺផ្លាសាយ និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាព៕