(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីបំភ្លឺ ចំពោះកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

តាមសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គ.ជ.ប ក៏សូមជម្រាបជូនសាធារណជន និងភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗ៖

ទី១៖ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ

ទី២៖ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

ទី៣៖ គោលការណ៍ទំនើបកម្ម និងគោលការណ៍អនុវត្តមួយចំនួនទៀត ដែល គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជារួម សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្ទើរតែរក្សាទាំងស្រុងនូវខ្លឹមសារដើមនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយគ្រាន់តែកែសម្រួលលក្ខខណ្ឌបច្ចេកទេសមួយចំនួនដែល គ.ជ.ប បានដាក់ឱ្យអនុវត្ត និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក ដែលរួមមានជាអាទិ៍៖

* ជំពូកទី១ បានកែសម្រួល និងធ្វើបច្ចុប្បន្នភាពខ្លឹមសារពាក់ព័ន្ធនឹងការងារសន្តិសុខបោះឆ្នោត ឱ្យស្របនឹងផែនការអន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប។

* ជំពូកទី៤ បានដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយដល់ការគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត (កម្មវិធីនេះបានអភិវឌ្ឍបន្ថែមពីកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២)។

* ជំពូកទី៦ បានដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីគ្រប់គ្រងការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ស្របតាមសេចក្តីណែនាំរួមលេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប។

* ជំពូកទី៨៖
- បានដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ដែលរួមមានទាំងលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការនៃការបោះឆ្នោត (កម្មវិធីនេះត្រូវបានអភិវឌ្ឍបន្ថែមពីកម្មវិធីគ្រប់គ្រងលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២)។

- កែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងការប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ឱ្យមានសង្គតិភាពនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង ព្រមទាំងធានាបាននូវប្រសិទ្ធភាព ប្រសិទ្ធផល និងមានតម្លាភាពខ្ពស់ក្នុងការគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតថែមមួយកម្រិតទៀត។

គ.ជ.ប សូមស្វាគមន៍ចំពោះមតិយោបល់របស់ភាគីពាក់ព័ន្ធទាំងអស់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ហើយ គ.ជ.ប នឹងធ្វើការពិនិត្យ និងពិចារណាលើរាល់មតិយោបល់ដែលបានលើកឡើង ដោយផ្អែកលើស្មារតីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន៕