(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាភ្នាក់ងារលក់ខុនដូរមួយកន្លែង នៅតំបន់កោះពេជ្រ បន្ទាប់បុគ្គលរូបនេះស៉ីដាច់លុយរបស់អថិតិជន ដែលបង់ប្រាក់ប្រចាំខែថ្លៃខុនដូរ តែភ្នាក់ងាររូបនោះ មិនបានយកប្រាក់របស់អតិថិជនខ្លួនទៅបង់ឲ្យក្រុមហ៊ុននោះទេ ពោលយកលុយទុកហោបៅរបស់ខ្លួនទៅវិញ។

មន្ដ្រីនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ជនសង្ស័យដែលបោកប្រាស់លុយអតិថិជននោះ ឈ្មោះ ហេង សុធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៨៧ ផ្លូវDG ឃុំស្វាយ ជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត។

សមត្ថកិច្ចបានបញ្ជាក់អំពីដំណើររឿងថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានទិញខុនដូរក្នុងតម្លៃជាង១០ម៉ឺនដុល្លារ នៅផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានប្រគល់ប្រាក់បង់ ដំបូងជាង៣ម៉ឺនដុល្លារ ចំណែកប្រាក់ដែលនៅសល់គឺបង់ជាប្រចាំខែ។

នៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានប្រគល់ប្រាក់ជាប្រចាំខែឲ្យឈ្មោះ ហេង សុធារិទ្ធ យកទៅបង់ឲ្យ​ក្រុមហ៊ុន សរុបចំនួន១៨,៩៤២ដុល្លារ​ និងបានប្រគល់បង្កាន់ទទួលប្រាក់​ដែលបានបង់ប្រាក់ជាប្រចាំខែ​អោយជនរងគ្រោះថែមទៀតផង​។ ស្រាប់តែនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បុគ្គលិកផ្នែកលក់ម្នាក់ទៀត បានទំនាក់ទំនងមកកាន់ជនរងគ្រោះ ថាមិនទាន់បង់ប្រាក់រយៈពេល១១ខែ។ ពេលនោះទើបជនរងគ្រោះដឹងថា ប្រាក់ដែលខ្លួនប្រគល់ឲ្យឈ្មោះ ហេង សុធារិទ្ធ មិនយកទៅបង់ឲ្យក្រុមហ៊ុននោះទេ។

បន្ទាប់ពីសាកសួរជនសង្ស័យ បានសារភាព ខ្លួនពិតជាបានទទួលប្រាក់ពីជនរងគ្រោះប្រាកដមែន តែខ្លួនមិនបានយកទៅប្រគល់ឲ្យក្រុមហ៊ុន និងក្លែងបង្គាន់ដៃទទួលប្រាក់របស់ក្រុុមហ៊ុន ដេីម្បីប្រគល់ឲ្យជនរងគ្រោះ មានសេចក្តីទុកចិត្តពិតប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការសន្និដ្ឋាន ឈ្មោះ ហេង សុធារិទ្ធ មុខរបរភ្នាក់ងារទិញ-លក់ អចលនទ្រព្យ ពិតជាបានប្រព្រឹត្តបទល្មេីស ឆបោក រំលោភលេីទំនុកចិត្ត ក្លែងបន្លំ និងប្រេីប្រាស់ឯកសារក្លែងបន្លំ (បង្គាន់ដៃទទួលប្រាក់របស់ក្រុមហ៊ុន) ប្រាកដមែន។ ក្រោយសួរនាំកម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួន​ជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕