(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចចារ៉ាយចំនួន១ភូមិ គឺភូមិប៉ាតាង ស្ថិតក្នុងឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។

ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ថុល ឌីណា អនុប្រធាននាយកដ្ឋានអភិរក្សសុរិយោដី និងជានាយករងគម្រោងកម្មវិអនុវិស័យរដ្ឋបាលដីធ្លីព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពនិង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទផងដែរ។

លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានឱ្យដឹងថា អនុលោមតាមអនុក្រឹត្យលេខ ២២២ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ផ្ទៃដីទំហំ១៨៥ ហិកតា ៧៨ អា និង៥៥ សង់ទីអា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងកាត់ទំហំ ៤០១ហិកតា ៧២អា និង១៦សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ៧ មករា និងធ្វើអនុបយោគដីឯកជនរបស់រដ្ឋសម្រាប់ប្រមានកម្ម ជាកម្មសិទ្ធិសមូហភាពជួយសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ដែលស្ថិតនៅភូមិប៉ាតាង ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចំនួន៦៥គ្រួសារ មានបណ្ណសរុបចំនួន៣៣ វិញ្ញាបនបត្រលើផ្ទៃដី ៦២៣.៩០៦៨ហិកតា ក្នុងនោះរួមមាន៖ ដីលំនៅដ្ឋានមានចំនួន០២ក្បាលដីស្មើនឹង ១២,៨០៤៩ហិកតា, ដីកសិកម្មមានចំនួន ២៥ក្បាលដី ស្មើនឹង ៥៧៨.,៦៦៦៨ហិកតា, ដីបម្រុងទុកដូរវេនដំណាំ ០៣ក្បាលដី ស្មើនឹង១៨,៨៧៩៨
ហិកតា, ដីកប់ខ្មោចចំនួន ០១ក្បាលស្មើនឹង ៦,៩៩៧២ហិកតា, ដីព្រៃអារក្សមានចំនួន ០២ក្បាលដីស្មើនឹង ៦,៩៥៨៦ហិកតា។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ដែលបានអញ្ជើញមកទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះលោក ញ៉ែម សំអឿន បានចាត់ទុកបណ្ណកម្មសិទ្ធិ ដីធ្លីសមូហភាព គឺជាឯកសារមួយសំខាន់ និងជាឯកសារតំណាងឱ្យទ្រព្យ សហគមន៍ទាំងមូល ជាឯកសារតំណាងឱ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន។

លោកអភិបាលខេត្តបានបន្តថា ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី ជាសមូហភាពនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានបណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់បណ្ណនេះ។ ដូច្នេះ ការចុះបញ្ជីជាលក្ខណសមូហភាព គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ ក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញការប្រើប្រាស់ដីធ្លី ឱ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លីរវាងភូមិ និងភូមិជាពិសេសការកាត់បន្ថយ ភាពក្រីក្រដែលជាគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានចំពោះជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោក ញ៉ែម សំអឿន ក៏បានកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព និងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចភូមិប៉ាតាង ត្រូវថែរក្សាឱ្យបានគង់វង្ស នូវបណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី និងប្រើប្រាស់ឱ្យមាននិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕