(ព្រះសីហនុ)​៖​ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងបញ្ហាប្រឈម អំពីការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅខេត្តព្រះសីហនុ។

លោក យ៉េត វីណែល បានថ្លែងថា អនុលោមតាមសារាចរលេខ ០៩សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមរាជធានី ខេត្ត និងស្តាប់បញ្ហាប្រឈមនានាដើម្បីពាំនាំជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ។

ចំណុចសំខាន់ៗមួយចំនួន ត្រូវបានផ្តោតយកចិត្តទុកដាកនិហស្វែងយល់ពីបញ្ហាប្រឈមក្នុងកែទម្រង់សាធារណៈជូនស្ថាប័នរាជធានី ខេត្ត៖

១៖ ការប្រមូលចំណូលសារពើពន្ធ
២៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្វើប័ណ្ណកម្មសិទ្ធិនៅទូទាំងប្រទេស ធ្វើការរួមគ្នាជម្រុញធ្វើប័ណ្ណកម្មសិទ្ធ
៣៖ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា គោលដៅការអនុវត្តថវិកាកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ
៤៖ ធ្វើសមាហរណកម្មនៅថ្នាក់ក្រោមជាតិ
៥៖ ប្រគល់មុខងារជូនរដ្ឋបាលក្រុង ស្រុក មាន ៥៥មុខងារ ដែលមានប្រទាក់ក្រឡាការងារក្នុងការផ្ទេរមុខងារ និងហិរញ្ញវត្ថុមកកាន់រាជធានី ខេត្ត
៦៖ ការអនុវត្តសមត្ថភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធិភាព ពិសេសការអនុវត្តថវិកា។

លោក គួច ចំរើន បានលើកឡើងថា ខេត្តព្រះសីហនុបានចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ ដែលជាបទពិសោធន៍ថ្មីៗដំណើរការគាំទ្រកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈស្របពេលកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងជាការចែករំលែកចំណេះជំនាញ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកបន្តថា «យើងជួបប្រទះបញ្ហាប្រឈមជាច្រើនធ្វើឱ្យមន្ត្រីយើងជួបការលំបាក ម្យ៉ាងការយល់ដឹងនៅមានកម្រិត។ តាមរយៈការចែករំលែកចំណេះដឹងនិងបញ្ហាប្រឈមនានា នឹងបានផ្តល់ឱកាសឱ្យមន្ត្រីមូលដ្ឋានអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បន្តការខិតខំជម្រុញសកម្មភាពកាន់តែល្អប្រសើរ»៕