(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី រួមដំណើរជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាស្រុកឃុំ និងមន្ត្រីពាក់ព័ន្ធ បានចុះជួបផ្ទាល់ជាមួយក្រុមឈ្មួញ និងប្រជាកសិករនៅកន្លែងប្រមូលទិញស្រូវ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ អភិបាលខេត្តបន្ទាយមានជ័យ បានចេញគោលការណ៍ឲ្យការទិញស្រូវ ដូចនឹងតម្លៃដែលក្រុមឈ្មួញទិញនៅខេត្តបាត់ដំបង ពោលមួយគីឡូក្រាមមិនក្រោម ១០៤០រៀលនោះឡើយ សម្រាប់ស្រូវផ្ការំដួលប្រភេទ លេខ១។

លោក អ៊ុំ រាត្រី បានថ្លែងថា នៅក្នុងខេត្តបន្ទាយមានជ័យ ស្រូវដែលប្រជាកសិករកំពុងប្រមូលផលនេះមានប្រមាណ ១០ម៉ឺនហិកតា ដែលមកដល់ពេលនេះប្រមូលអស់ប្រមាណ ២ម៉ឺនហិកតាហើយ នៅសល់ ៧ទៅ៨ម៉ឺនហិកតាទៀត។

លោកបានគូសបញ្ជាក់ទៀតថា ក្រុមការងារចម្រុះខេត្តដែលមានខាងកសិកម្មខេត្ត ពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនបៃតង់ បាននិងកំពុងជួយសម្របសម្រួលជាប្រចាំជាមួយឈ្មួញ និងប្រជាកសិករ តាមគោលដៅដែល បានរៀបចំ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៉ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ លោក-លោកស្រីអភិបាលស្រុក មេឃុំ តំណាងរោងម៉ាស៉ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៉ីនកិនស្រូវ។

ជាលទ្ធផល ក្រោយកិច្ចប្រជុំដើម្បីធានាស្ថេរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បានសម្រេចប្រកាសកំណត់យកថ្លៃគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនក្រោម ៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម
នៅនឹងកន្លែង ដូចនៅខេត្តបាត់ដំបងដែរ និងបានអំពាវនាវដល់ម្ចាស់រោងម៉ាស៉ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ឱ្យចុះប្រមូលទិញ ដោយអនុវត្តតាមថ្លៃដែលបានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២នេះ។ ការអនុវត្ដនឹងចាប់ផ្តើមពីគោលដៅចំនួន៨ទីតាំង រួមមាន៖ មួយទីតាំងនៅស្រុកភ្នំស្រុក មួយទីតាំងនៅស្រុកព្រះនេត្រព្រះ បីទីតាំងនៅស្រុកស្វាយចេក និងបីទីតាំងនៅស្រុកថ្មពួក។

ប្រជាកសិករគ្រប់គោលដៅ បានសាទរនឹងការអនុវត្តថ្លៃគោលនេះ។ ក្នុងករណីមានបញ្ហាអ្នកទិញអនុវត្តមិនត្រឹមត្រូវ សូមប្រជាកសិករមេត្តាទាក់ទងជាមួយមេឃុំ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ តាមរយៈទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧ ដើម្បីទទួលបានការអន្តរាគមន៍៕