(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្តែងការអបអរសាទរដល់ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ដែលបានបំបែកឯកទគ្គកម្មពិភពលោកលើការសម្តែងសៀកមានរយៈពេលយូរជាងគេ។

សូមបញ្ជាក់ថា ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជា បានព្យាយាមបង្កើតកំណត់ត្រាពិភពលោកហ្គីណេស (Guinness) ដោយសម្តែងសៀកជាប់រហូតរយៈពេលជាង ២៤ម៉ោង។ ការសម្តែងនោះ បានធ្វើឡើងតាំងពីឆ្នាំ២០២១ ប៉ុន្តែអង្គការ Guinness World Records ទើបនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។

អង្គការហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា ការសម្តែងសៀករបស់ខ្លួន បានធ្វើឡើងនៅក្រុងបាត់ដំបងដែលមានរយៈពេលសរុប ២៤ ម៉ោង ១០នាទី ៣០វិនាទី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីកៀរគរថវិកាដើម្បីរស់រានមានជីវិតពីជំងឺរាតត្បាត។

អង្គការ Guinness បានប្រកាសកំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» ឱ្យក្រុមសៀកហ្វារពន្លឺសិល្បៈនេះក្នុងការផ្សាយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

អង្គការហ្វាពន្លឺសិល្បៈត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនកម្ពុជា និងជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីជួយគ្រួសារកម្ពុជាឱ្យចេញពីភាពក្រីក្រ និងដើម្បីថែរក្សាវប្បធម៌កម្ពុជា។

អង្គការ Guinness World Records បាននិយាយថា ក្រុមសៀកកម្ពុជា បានជួយកុមារជួបការលំបាកជាង ៨០០នាក់ ហើយបានចាត់វិធានការប្រកបដោយការច្នៃប្រឌិតក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដើម្បីជៀសវាងការពឹងផ្អែកលើអំណោយ ដោយបង្កើតសៀកមិនប្រើសត្វ និងកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដែលបានផ្តល់មូលនិធិទ្រទ្រង់កម្មវិធីជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្ររបស់ពួកគេ។

កំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» នេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីកំណត់ត្រាពិភពលោកផ្សេងទៀតរបស់កម្ពុជា រួមមាន ក្រមាវែងជាងគេបំផុត នំអន្សមធំជាងគេបំផុត អក្ខរក្រមច្រើនជាងគេបំផុត និងអគារសាសនាធំជាគេបំផុតគឺប្រាសាទអង្គរវត្ត៕