(កណ្តាល)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោកស្រី ហុង​ ម៉ារីនិច បានសម្រេចចោទប្រកាន់ និងឃុំខ្លួនស្មៀនសង្កាត់តាខ្មៅឈ្មោះ សុខ សុផា ករណីស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង៧០លានរៀល។ បុគ្គលស្មៀនរូបនេះ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានបញ្ជូនទៅតុលាការខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២២នេះ ។

នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃនេះ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ឈ្មោះ សុខ សុផា ត្រូវបានចោទប្រកាន់តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាបថា ស្មៀនសាលាសង្កាត់តាខ្មៅ លោក សុខ សុផា ត្រូវបានបញ្ជូនខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនលោក ពាក់ព័ន្ធករណីកិបកេងលុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩។

ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម៕