(ស្វាយរៀង)៖ លោក ហែម សារិទ្ធ សមាជិកក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយជ្រំ តំណាងលោក ហង្ស វិចិត្រ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយជ្រំ បានដឹកនាំក្រុមការងារ ធ្វើសកម្មភាពសង្គម ចុះបង្រៀនសិស្សានុសិស្សឲ្យចេះហែលទឹក ដើម្បីចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ ដែលជាគំនិតផ្តួចផ្តើមដោយលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង។

លោក ហែម សារិទ្ធ បានថ្លែងថា សកម្មភាពបង្រៀនកុមារឲ្យចេះហែលទឹកនេះ គឺបាន៤ដំណាក់កាលហើយ ដោយបានធ្វើនៅក្រុងស្វាយរៀង បង្រៀនកុមារឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក ក្រោមប្រធានបទ «ចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ NO KIDS DROWN ទំពាំងស្នងឬស្សី កុមារជាធនធានមនុស្សរបស់ជាតិ»

លោកបានបន្តថា សម្រាប់ការបង្រៀនកុមារនៅវិទ្យាល័យ និងបឋមសិក្សាគោកព្រីងនេះ មានកម្មវិធីបង្រៀនមេរៀនចំនួន៣ថ្ងៃ គឺថ្ងៃទី១៨ រហូតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយថ្ងៃទី១ បង្រៀនសិស្ស ឲ្យចេះធាក់ជើងក្នុងទឹក ចេះបណ្ដែតខ្លួន ចេះរក្សាលំនឹងក្នុងទឹក និងចេះផ្លុំខ្យល់ រក្សាដង្ហើមក្នុងទឹក ដោយបានបែងចែកកាលវិភាគសម្រាប់កុមារទៅតាមអាយុ កំពស់ និង សមត្ថភាពហែលទឹក។

ក្រុមទី១៖ ចាប់ផ្ដើមកម្មវិធីពេលព្រឹកបង្រៀនកុមារ ឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក កុមារចំនួន៣០នាក់ ហាត់កំដៅសាច់ដុំ ៥ទៅ១០នាទី និងហាត់ក្នុងអាង។
ក្រុមទី២៖ កុមារចំនួន៣០នាក់ (ហាត់កំដៅសាច់ដុំ ៥ទៅ១០នាទី និងហាត់ក្នុងអាង) ។

លោកបានបន្ថែមថា ការរៀនហែលទឹទឹករបស់កុមារ ទទួលបានអត្ថប្រយោជន៍ដល់កុមារជាច្រើនដូចជា ការអភិវឌ្ឍផ្នែកសង្គម ការសម្រួលសាច់ដុំ ជាពិសេស អវយវៈភ្នែក និងដៃ បន្ថយអាការៈខ្លាចទឹក ជំរុញការលូតលាស់សាច់ដុំ ឲ្យមានតុល្យភាពរាងកាយផ្នែកខាងឆ្វេង និងខាងស្ដាំ ជំរុញខួរក្បាលសងខាង ព្រមទាំងអភិវឌ្ឍផ្នែកទំនាក់ទំនងប្រព័ន្ធប្រសាទលឿនជាងកុមារធម្មតា។ ការហែលទឹកមិនត្រឹមតែជាកីឡា ដែលសប្បាយទេ ថែមទាំងធ្វើឲ្យក្មេងៗមានសុខភាពល្អ និងជួយឲ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេងៗទៀតជាច្រើន។

សូមបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមលោក លោកស្រីអាជ្ញាធរ លោកនាយប៉ុស្តិ៍រដ្ឋបាល ឃុំគោកព្រីង លោកគ្រូ អ្នកគ្រូ លោកស្រីគណៈកម្មាធិការ ស.ស.យ.ក ស្រុក ឃុំ គណៈកម្មការប្រចាំវិទ្យាល័យ និងជនបង្គោលភូមិ ប្អូនកុមារា កុមារី សមាជិក សមាជិកាលោកស្រីនាយិកា លោកនាយករង លោកគ្រូ អ្នកគ្រូ គ្រូបង្ហាត់សិស្សានុសិស្សសរុបប្រមាណ ១៤០នាក់៕