(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កំពុងសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ដែលត្រូវបានចាប់ខ្លួន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយសាររឿងចោទប្រកាន់ករណីជួញដូរសត្វស្វា។

ថ្លែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់យ៉ាងដូច្នេះ «ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជម្រាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៉ីងតោន និងញូវយ៉ក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ។ ក្នុងពេលជាមួយគ្នានេះ ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ»

សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងការមិនពេញចិត្តចំពោះការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល ក្នុងអំឡុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាសាយតេស ( CITES) នៅប្រទេសប៉ាណាម៉ា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងកសិកម្ម បានបង្ហាញការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ជុំវិញការឃាត់ខ្លួន លោក គ្រី ម៉ះផល ដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។

ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺរឿងគួរឱ្យហួសចិត្តជាទីបំផុត ដែលលោកត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលកម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ក្រសួងកសិកម្ម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់ខ្លួន។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មបាន បញ្ជាក់ថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមដែលត្រូវបាននាំចេញទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់ផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។

ក្រសួងកសិកម្មបញ្ជាក់បន្ថែមថា ការនាំចេញសត្វស្វាក្តាម ត្រូវអនុញ្ញាតឱ្យនាំចេញ ដោយផ្អែកលើច្បាប់ និងបទបញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក គឺត្រូវបានអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិកផងដែរ៕