(តាកែវ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារថ្មីជំងឺទូទៅ កម្ពស់៣ជាន់ ទំហំ១៤ម៉ែត្រគុណនិង៣៧ម៉ែត្រ នៅមន្ទីរពេទ្យបង្អែកអង្គរកា ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ជាថវិការបស់រាជរដ្ឋាភិបាល។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា អគារមន្ទីរពេទ្យដែលបានចាប់ផ្ដើសាងសង់នៅពេលនេះ គឺមានបំពាក់សម្ភារៈបរិក្ខារពេទ្យគ្រប់គ្រាន់ ជាពិសេសមានធនធានមនុស្សជាក្រុមគ្រូពេទ្យមានជំនាញច្បាស់លាស់សម្រាប់ព្យាបាល ជូនប្រជាពឲ្យរដ្ឋ ដែលមកសម្រាកព្យាបាលនៅទីនេះ ហើយមន្ទីរពេទ្យនេះមិនត្រឹមតែព្យាបាលប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវនោះទេ គឺប្រជាពលរដ្ឋនៅក្បែរខាងខេត្តតាកែវ ដូចជាពលរដ្ឋខេត្តកំពង់ស្ពឺ ខេត្តកំពតជាដើមអាចមកធ្វើការព្យាបាលជំងឺនៅទីនេះបានដែរ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបន្តថា ការសាងសង់អាគារមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺទូទៅនៅពេលនេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលក្រៅពីការសាងសង់សាលា វត្តអារ៉ាម ផ្លូវថ្នល់ គឺមន្ទីរពេទ្យនេះហើយ ដែលប្រមុខរាជរដ្ឋាបាលបានយកចិត្តទុកដាក់ជួយសាងសង់សម្រាប់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង មិនត្រឹមតែធ្វើឲ្យមន្ទីរពេទ្យ បង្អែកនេះ កាន់តែខិតជិតទៅកៀកនឹងប្រជាជនប៉ុណ្ណោះទេ ថែមទាំងកំពុងតែជំរុញឲ្យបុគ្គលិកសុខាភិបាល មានជំនាញគ្រប់ផ្នែកទៀតផង។

អំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្នុងខេត្តតាកែវ និងតំបន់ជុំវិញនេះ ស្របតាមផែនការយុទ្ធសាស្រ្ត របស់ក្រសួងសុខាភិបាលក្នុងការទទួលបានសេវាព្យាបាល និងថែទាំកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោកសាស្រ្តាចារ្យបានថ្លែងថា «ខ្ញុំសង្ឃឹមយ៉ាងមុតមំាថា អគារមន្ទីរពេទ្យនេះ ពិតជាអាចជួយសំរាលការលំបាកមួយកម្រិតថែមទៀតដល់ប្រជាជនយើងនៅតំបន់នេះ ក្នុងការស្វែងរកសេវាថែទាំយ៉ាងទូលំទូលាយ»

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ដែលបានជួយឧបត្ថម្ភគំាទ្របង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឲ្យវិស័យសុខាភិបាល ក្នុងខេត្តតាកែវបានរីកចម្រើនគួរ ជាទីមោទនៈ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ រួមទាំងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំយកអស់ទំាងកំលាំងកាយ-ចិត្ត ពុះពាររាល់ឧបសគ្គដោយសម្រេចលទ្ធផលបានល្អប្រសើរក្នុងការការពារ និងព្យាបាល ថែរក្សាសុខភាពប្រជាជនយើង ដោយមានការចូលរួមសហការយ៉ាងពេញចិត្តពីសំណាក់អាជ្ញាធរដែនដី អង្គការមិនមែនរដ្ឋាភិបាល និងប្រជាជនក្នុងមូលដ្ឋាន ជាពិសេសក្នុងគ្រាដ៏លំបាកស្មុគស្មាញ ដែលយើងទាំងអស់គ្នាតស៊ូប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ ប្រកបដោយជោគជ័យ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកទឹកចិត្តឲ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាជនយើងឲ្យបានកាន់តែប្រសើរថែមទៀត ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យបានអំពាវនាវឲ្យមន្រ្តីសុខាភិបាល និងប្រជាជនទាំងអស់ជួយថែរក្សាអគារដែលត្រូវចាប់ផ្តើមសាងសង់នៅពេលខាងមុខនេះឲ្យបានល្អ និងស្ថិតស្ថេរយូរអង្វែងដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនយើង៕