(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្តកោះកុង។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមមន្ត្រីរាជការតាមបណ្តាស្រុក និងមន្ត្រីគ្រប់ស្ថាប័នជុំវិញខេត្ត។

លោកស្រី មថុនា ភូថង បានថ្លែងថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា គឺជាគម្រោងសេវាកម្មផ្នែកសង្គម ដែលត្រូវបានបង្កើតឡើង តាមរយៈការប្ដេជ្ញាចិត្តដ៏មោះមុតទាំងក្នុងផ្នែកនយោបាយ និងការវិនិយោគ លើផ្នែកសុខភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្ត បានបន្តថា គម្រោងនេះ មានគោលបំណងដើរតួជាចំណុចគោលសម្រាប់ជំរុញ និងសម្របសម្រួលយន្តការនានា ក្នុងការបង្កើនការកសាងធនធានមនុស្សរបស់ប្រទេសជាតិ ដោយផ្តោតសំខាន់លើ វិធីសាស្រ្តតាមមូលដ្ឋានសុខាភិបាល និងសហគមន៍សម្រាប់សុខភាព និងអាហារូបត្ថម្ភរបស់មាតា និងកុមារនៅក្នុងឆ្នាំដំបូង ជាមួយនឹងគោលដៅធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ និងគុណភាពសេវា សុខភាពមាតា កុមារ និងអាហារូបត្ថម្ភជាអាទិភាពនៅក្នុងប្រទេសកម្ពុជា។

លោក ស្រី មិថុនា ភូថង បានបញ្ជាក់ថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ត្រូវបានបែងចែកជា៣ សមាសភាគ គឺសមាសភាគទី១៖ ផ្តោតទៅលើការពង្រឹងការផ្តល់សេវាសុខភាពជាអាទិភាព សមាសភាគទី, ២៖ ផ្តោតទៅលើការជំរុញឱ្យមានតម្រូវការ និងគណនេយ្យភាពនៅកម្រិតសហគមន៍ និងសមាសភាគ, ទី៣៖ ផ្តោតទៅលើការធានាឱ្យមានការឆ្លើយតបប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព។ ក្រសួងសុខាភិបាលជាភ្នាក់ងារអនុវត្តសមាសភាគទី១ និងទី៣ និងលេខាធិការដ្ឋាន គ.ជ.អ.ប ជាភ្នាក់ងារអនុវត្តសមាសភាគទី២។

លោកស្រីអភិបាលខេត្ត បានបន្ថែមថា បច្ចុប្បន្ន គម្រោងនេះបាននឹងកំពុងឱ្យអនុវត្តនៅខេត្តគោលដៅចំនួន០៩ គឺខេត្តកោះកុង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ តាមរយៈហិរញ្ញប្បទានរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយដៃគូអភិវឌ្ឍន៍នានារួមមាន៖ នាយកដ្ឋានពាណិជ្ជកម្ម និងកិច្ចការបរទេស របស់ប្រទេសអូស្ត្រាលី ធនាគារអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់ មូលនិធិសកលសម្រាប់គាំទ្រស្រ្ដី និងកុមារ និងធនាគារពិភពលោក ហើយជាគោលការណ៍ ខេត្តគោលដៅត្រូវរៀបចំឱ្យមានកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យអំពីវឌ្ឍនភាព បញ្ហាប្រឈម និងរៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់ នៅរៀងរាល់ចុងឆ្នាំនីមួយៗ។

កិច្ចប្រជុំដែលកំពុងត្រូវបានរៀបចំធ្វើឡើងនាឱកាសនេះ គឺជាកាលានុវត្តភាពបង្ហាញអំពីសកម្មភាពលទ្ធផល បញ្ហាប្រឈម ព្រមទាំងពិភាក្សារកឫសគល់ និងដំណោះស្រាយបញ្ហា សម្រាប់ប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់ បានប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់មូលដ្ឋាន ជាពិសេសផ្នែកសុខភាពមាតា ទារក កុមារ និងបញ្ហកង្វះអាហារូបត្ថម្ភ។

ដូច្នេះដើម្បីឱ្យកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅរលូន និងសម្រេចលទ្ធផលស្របតាមការរំពឹងទុក លោកស្រីអភិបាលខេត្ត បានស្នើឱ្យសមាសជិកា នៃអង្គពិធីទាំងមូលយកចិត្តទុកដាក់អញ្ជើញចូលរួមបញ្ចេញមតិយោបល់ ពិភាក្សាដោយសកម្ម និងទូលំទូលាយ៕