(បាត់ដំបង)៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានដាក់ចុះនូវការអនុវត្តកម្មវិធីថ្មីដើម្បីពង្រឹងការព្យាបាលជំងឺមួយចំនួននៅថ្នាក់មូលដ្ឋានជូនប្រជាពលរដ្ឋ តាមរយៈដំណើរការសំណុំសកម្មភាពជាសារវន្ត នៃជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋម។

ក្នុងពេលដាក់ឱ្យដំណើរការសំណុំសកម្មភាពជាសារវន្តនៃជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋម នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សំណុំសកម្មភាពផ្ដោតលើជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបម្រុងមហារីកមាត់ស្បូន និងជំងឺផ្សេងទៀតដែលមានការជួយឧបត្ថមគាំទ្រដោយអង្គការ KOFIH ប្រទេសកូរ៉េផងដែរ។

ក្នុងឱកាសនោះ លោកគ្រូពេទ្យជំនាញពាក់ព័ន្ធផ្សេងៗបានឡើងធ្វើបទបង្ហាញអំពីការស្រាវជ្រាវ ថែទាំ ព្យាបាលជំងឺផ្សេងៗចូលរួមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមឃុំ/សង្កាត់ទូទាំងខេត្តត្រូវបានបង់សេវាជូនអង្គកម្មវិធីផងដែរ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ថ្ងៃនេះយើងបានធ្វើពិធីដាក់ឲ្យដំណើរការសំណុំសកម្មភាពជាសារវន្តនៃជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋមក្នុងខេត្តបាត់ដំបង ដែលមានអង្គការ KOFIH គាំទ្រស្របពេលក្នុងទិវាជំងឺទឹកនោមផ្អែមលើពិភពលោក១៤ វិច្ឆិកា ឆ្នាំ២០២២ ផងដែរ។

លោក សុខ លូ បានផ្តាំផ្ញើទៅមន្រ្តីនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពនានា សូមយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋយើងឲ្យបានល្អ ខណៈដែលគាត់បានអញ្ជើញទៅរកសេវាឲ្យមន្រ្តីជំនាញជួយគាត់ឲ្យបានទាន់ពេលវេលាផង។

លោកអភិបាលខេត្តអំពាវនាវដល់រដ្ឋបាលក្រុង ស្រុក សូមជំរុញពលរដ្ឋនៅតាមមូលដ្ឋាន នាំគ្នាទៅចាក់វ៉ាក់សាំងឡើងវិញឲ្យបានច្រើន ចៀសវាងជម្ងឺនេះបានផ្ទុះឡើងវិញ ព្រោះមណ្ឌលព្យាបាលជំងឺកូវីដបានរើសចេញអស់ហើយ ដូច្នេះនាំគ្នាអនុវត្តដើម្បីទប់ស្កាត់កុំឲ្យការឆ្លងតាមការណែនាំរបស់ក្រសួងសុខាភិបាលបន្តទៀត

លោកបន្តណែនាំឱ្យគ្រូពេទ្យខ្មែរយើងធ្វើយ៉ាងណាឲ្យពលរដ្ឋមានជំនឿទំនុកចិត្តល្អ ចៀសវាងពួកគាត់រត់ទៅរកពិនិត្យសុខភាពនៅក្រៅប្រទេស បានយកនាំថវិកាផ្ទាល់ខ្លួន មានរំហូរយកលុយទៅចាយនៅក្រៅប្រទេស ម្យ៉ាងទៀតហេតុអីបានពលរដ្ឋខ្មែរយើងទៅចាក់វ៉ាក់សាំងផ្សេងៗនៅក្រៅប្រទេស ព្រោះតែពួកគេអស់ជំនឿ លើសមត្ថភាពគ្រូពេទ្យក្នុងប្រទេសខ្មែរយើងខ្លួនឯង។ នេះហើយដែលជាហេតុផលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងទេសចរណ៍។

លោកបានរំលឹកថា រដ្ឋបាលឃុំ/សង្កាត់ មេប៉ុស្តិ៍ មេភូមិទូទាំងខេត្ត មេត្តាយកចិត្តឲ្យបានច្បាស់លាស់ ត្រូវពិនិត្យពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដែលបានទទួលប័ណ្ណក្រីក្រនិងប្រាក់ឧត្ថមផ្សេងៗឲ្យបានត្រឹមត្រូវចំគោលដៅ ផង។

ជាចុងក្រោយលោកក៏ថ្លែងអំណរគុណដល់អង្គការ KOFIH ដែលបានជួយដល់មន្ទីរសុខាភិបាលរហូតមក និងថ្នាក់ដឹកនាំ គ្រូពេទ្យ មន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះបន្តទៀតឲ្យបានល្អ ដើម្បីជំងឺមិនឆ្លងនៅថ្នាក់ថែទាំសុខភាពបឋមក្នុងខេត្តបាត់ដំបងទាំងមូល៕