(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនាយកដ្ឋាននគរបាលការពារ បន្ទាប់ពីបានចួលរួមការពារកិច្ចប្រជុំអាស៊ានកំពូល លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគេជ័យ។

លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដែលកងកម្លាំងនាយកដ្ឋាននគរបាលការពារ បានអនុវត្តកិច្ចការងារចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រទេសជាតិកន្លងមក។ ជាក់ស្តែងបានសហការជាមួយកម្លាំងពាក់ព័ន្ធការពារសន្និសីទអាស៊ានណាប៉ូល ការពារការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ពិសេសការពារកិច្ចប្រជុំអាស៊ានកំពូលលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលមានប្រមុខដឹកនាំកំពូលៗចូលរួម និងការពារព្រឹត្តិការផ្សេងៗទទួលបានសុវត្ថិភាព និងជោគជ័យគួរជាទីមោទនៈ ដែលធ្វើឲកយថ្នាក់ដឹកនាំវាយតម្លៃខ្ពស់ចំពោះកងកម្លាំង។

លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចំពោះកងកម្លាំងរបស់យើង និងក្រើនរំលឹកឲ្យកម្លាំងរបស់ត្រៀមលក្ខណៈចូលរួមការពារព្រឹត្តិការណ៍សំខាន់ៗបន្តទៀត ដែលជាក់ស្តែងបានការពារកិច្ចប្រជុំអាស៊ានកំពូល លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យកន្លងទៅថ្មីៗ នេះជាស្នាដៃធំធេងណាស់ ជាពិសេសទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីថ្នាក់ដឹកនាំចំពោះអង្គភាព។

លោកក៏បានសង្កត់ធ្ងន់ឲ្យកងកម្លាំងនាយកដ្ឋាននគរបាលការពារ ត្រៀមលក្ខណៈដើម្បីចូលរួមការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការពារព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ការផ្សេងៗនាពេលខាងមុខ។ ដើម្បីឲ្យកិច្ចការពារព្រឹត្តការសំខាន់នាពេលខាងមុខទទួលបានជោគជ័យ លោកស្នើឲ្យប្រធានអង្គភាព ក៏ដូចជាកងកម្លាំងទាំងអស់ ធ្វើការហ្វឹកហាត់បំប៉នជំនាញ ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត តបតាមផែនការ បទបញ្ជា និងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ។

ទន្ទឹមនោះ លោកក៏សូមស្នើឲ្យប្រធានអង្គភាព វាយតម្លៃអំពីស្នាដៃរបស់នាយ នាយរង និងមន្រ្តីរបស់ខ្លួន គោរពជូននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដើម្បីស្នើសុំប័ណ្ណសរសើរ ឬមួយតំឡើងឋានន្តរស័ក្តិតាមជំនាញ និងបទពិសោធន៍ ដើម្បីជាការលើកទឹកចំពោះការខិតខំបំពេញភារកិច្ចបានល្អនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋាននគរបាលការពារ ប្រុងប្រយ័ត្នខ្ពស់ និងបន្តចូលរួមការពារជំងឺកូវីដ-១៩ ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៣ការពារ និង៣កុំ និងវិធានរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំយកនូវថវិកាមួយចំនួនរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដល់កងកម្លាំង ដែលអនុវត្តផ្ទាល់ការពារកិច្ចប្រជុំអាស៊ានកំពូល លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងសូមជូនពរដល់កងកម្លាំងទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីបន្ថែមទៀត៕