(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវនិងជំរុញឱ្យមានការផ្សព្វផ្សាយបានទូលំទូលាយ ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ និងរងផលប៉ះពាល់ដោយទឹកជំនន់។

ការថ្លែងជំរុញបែបនេះក្នុងឱកាសដែលលោក តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យអំឡុងពេលមានសម្ពាធអតិផរណា និងរងផលប៉ះពាល់ដោយទឹកជំនន់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក រស់ ស៉ីផា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ចគ្រប់ក្រុង ស្រុកទាំង៨ និងចៅសង្កាត់ មេឃុំ អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក រស់ ស៉ីផា បានថ្លែងថា វគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសារងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងបន្ថែមទាក់ទងទៅនឹងកម្មវិធីជំនួយសង្គម ក្នុងក្របខណ្ឌ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់មន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិដែលមានរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលជាតួអង្គប្រតិបត្តិផ្ទាល់ដ៏សំខាន់។

លោកប្រធានមន្ទីរ ថែមទាំងបានបញ្ជាក់ថា ក្នុងនាមជាប្រតិបត្តិករនៃវិស័យជំនួយសង្គម មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មានចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងដើម្បីឆ្លើយតបទៅនឹងយុទ្អសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រោះថាការកសាងប្រព័ន្ធគាំពាសង្គមមួយដែលមានភាពធន ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិយ៉ាងពិតប្រាដក ហើយការវិនិយោគលើវិស័យជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា លើជនងាយរងគ្រោះពិតជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព។

ដោយឡែកលោក សុខ សាន្តតារ៉ា បានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណានេះឡើង ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅក្បែបន្ទាត់ក្រីក្រដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ជាដើម ។

លោកអភិបាលរងខេត្ត បានថ្លែងបន្តថា បញ្ហាទាំងនេះបង្ហាញពីការគិតគូ និងយកចិត្តទុកដាក់ ការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងប្រព័ន្ធគាំពាសង្គម ពិតជាបានកសាង និងជម្រុញប្រព័ន្ធគាំពាសង្គមមួយមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទបស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។

លោកថា ដើម្បីឱ្យដំណើរការវគ្គបណ្តុះបណ្ដាលប្រព្រឹត្តិទៅដោយរលូន និងទទួលបាននូវផលិតភាព ក៏ដូចជាសក្ដានុពលក្នុងក្របខណ្ឌ នៃតួអង្គប្រតិបត្តិករនោះ លោក សុខ សាន្តតារ៉ា បានផ្ដល់អនុសាសន៍មួយចំនួនរួមមាន៖

*ទី១៖ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់គ្របបទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់។
*ទី២៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាពិសេសមន្ត្រីប្រតិបត្តិកម្មវិធី បន្ដសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ជាពិសេសក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលមូលដ្ឋាន ដែលជាតួអង្គប្រតិបត្តិករដ៏មានសារៈសំខាន់ និងចាំបាច់ដើម្បីធ្វើត៉ាងណាឱ្យការអនុវត្តកម្មវិធីរបស់យើងកាន់តែប្រសើរឡើង។
*ទី៣៖ បន្តប្រើប្រាស់នូវចំណេះជំនាញ បទពិសោធន៍ និងយន្តការដែលមានដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធភាពនៃការអនុវត្តកម្មវិធី
*ទី៤៖ បន្តពង្រឹងសមត្ថភាពធនធានមនុស្សតាមរយៈមធ្យោបាយនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
*ទី៥៖ បន្តប្រើប្រាស់យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីប្រាកដថាកម្មវិធីនឹងដំណើការបានរលូនស្របតាមផែនការ និងលទ្ធផលរំពឹងទុក។
*ទី៦៖ ស្នើសុំឱ្យប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តជំរុញការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាពឡើង។
*ទី៧៖ សុំឱ្យលោក លោកស្រី ជាគណៈអភិបាលក្រុង ស្រុក មេត្តាជួយពង្រឹងនូវយន្តការពិនិត្យតាមដានការអនុវត្តកម្មវិធី ជាពិសេសជំរុញ និងលើកទឹកចិត្តមន្ត្រីអនុវត្តកម្មវិធីឃុំ-សង្កាត់
*ទី៨៖ បន្តជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពីការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគ្រួសាររស់នៅក្បែបន្ទាត់ក្រីក្រ៕