(សៀមរាប)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីអប់រំជំនាញបច្ចេកវិទ្យាព៌ត័មាន វិស្វកម្មសំណង់ស៊ីវិល អគ្គីសនី អេឡិចត្រូនិក និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រោមគម្រោងការកែលម្អការអប់រំឧត្តមសិក្សា ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក។

សិក្ខាសាលានេះនឹងរៀបចំឡើងរយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសោម៉ាទេវីអង្គរ ខេត្តសៀមរាប ក្រោមវត្តមានលោកបណ្ឌិត សំ រ៉ានី តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមានសិក្ខាកាមចូលរួមសរុបចំនួន ៨៣នាក់ ដែលជាថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបង នាយក នាយិកានៃវិទ្យាល័យក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិនព្រមទាំងអ្នកជាប់ពាក់ព័ន្ធដទៃទៀត។

សិក្ខាសាលានេះមានគោលបំណងក្នុងការផ្សព្វផ្សាយកម្មវិធីអប់រំ របស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានកែលម្អ និងបង្កើតថ្មីរួចរាល់ជូនទៅដល់គណៈគ្រប់គ្រងនៃវិទ្យាល័យទាំង៣ខេត្ត សាធារណៈជន និងអ្នកជាប់ពាក់ព័ន្ធទាំងអស់ឱ្យបានជ្រួតជ្រាប និងផ្សព្វផ្សាយបន្តទៅដល់សិស្សានុសិស្ស អាណាព្យាបាល ស្ថាប័នសាធារណៈ និងឯកជន។ ថ្នាក់ដឹកនាំ និងអ្នកជំនាញរបស់ មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានធ្វើបទបង្ហាញ និងពន្យល់កម្មវិធីសិក្សាលម្អិតជំនាញនីមួយៗ ព្រមទាំងបង្ហាញពីសក្តានុពលនៃសម្ភារៈរូបវ័ន្តដូចជាអគារសិក្សា បន្ទប់ពិសោធន៍ និងធនធានមនុស្សដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព។ កម្មវិធីអប់រំដែលបានផ្សព្វផ្សាយនេះនឹងត្រូវដាក់ឱ្យដំណើរការបង្រៀនជាផ្លូវការនៅក្នុងឆ្នាំសិក្សា ២០២២-២០២៣ ខាងមុខនេះ។

សូមជម្រាបថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិបាត់ដំបង បានខិតខំប្រឹងប្រែងលើកម្ពស់គុណភាពនៃការរៀន ការបង្រៀន និងការស្រាវជ្រាវ ស្របតាមយុទ្ធសាស្រ្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេស។

គួររលឹកដែរថា កិច្ចព្រមព្រៀងភាពជាដៃគូវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានរយៈពេល៥ ឆ្នាំគិតចាប់ពីខែមីនាឆ្នាំ២០២០ ដល់ ខែមិថុនា២០២៤ ដែលបាន ចុះហត្ថលេខា​កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ មានទឹកប្រាក់សរុបចំនួន ១៨, ៦៨៩២ដុល្លារ។ សាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសាកលវិទ្យាល័យល្បីៗ ចំនួន០៤រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (កម្ពុជា) សាកលវិទ្យាល័យរដ្ឋផែនស៊ីលវិញ្ញា (សហរដ្ឋអាមេរិក) សាកលវិទ្យាល័យស៊ីដនី (អូស្រ្តាលី) សាកលវិទ្យាល័យឧប៊ុនរាធានី (ថៃ) ដែលមានទឹកប្រាក់សរុបប្រមាណជាជាង ៦០, ០០០០ ដុល្លាអាមេរិក (ហុកសិបម៉ឺនដុល្លាអាមេរិក) នៅក្នុងសមាសភាគទីមួយស្តីពីការកែលម្អការរៀន និងការបង្រៀននៃគម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា៕