(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលដល់កុមារៗដែលកើត រស់នៅ និងសិក្សានៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ឱ្យចូលរួមបន្តថែរក្សានិងការពារសម្បត្តិបេតិកភណ្ឌជាតិក្នុងតំបន់អង្គររបស់ខ្លួន ដែលជាមរតកទទួលបានពីបុព្វបុរសតាំងពីបុរាណកាល និងដើម្បីបន្តភាពយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលមួយដល់សិស្សានុសិស្សចំនួន១៨២នាក់ មកពីសាលាបឋមសិក្សាក្របីរៀល ក្រោយសិក្សាអស់រយៈពេល៧ខែ។

លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារដែលរួមសហការដោយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរនៅសាលាបឋមសិក្សាក្របីរៀលនេះ បានផ្តល់ឱកាសឱ្យកុមារដែលកើត រស់នៅ និងសិក្សា ក្នុងតំបន់បេតិកភណ្ឌបានដឹងថា ខ្លួនកំពុងរស់នៅក្នុងតំបន់ដែលពិសេសជាងគេ ហើយទទួលមរតកដ៏ធំធេងពីបុព្វបុរស ដែលត្រូវបន្តថែរក្សានិងការពារបេតិកភណ្ឌជាតិរបស់ខ្លួន។

លោកបន្តថា បន្ទាប់ពីទទួលបានជោគជ័យលើវគ្គបណ្តុះបណ្តាលនេះ គោលដៅបន្តអាជ្ញាធរជាតិអប្សរានឹងឈានទៅបន្តបើកវគ្គបណ្តុះបណ្តាលឡើងវិញនៅសាលាបឋមសិក្សា និងវិទ្យាល័យក្នុងស្រុកប្រាសាទបាគង។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរាកំពុងតែសហការជាមួយមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប បណ្តុះបណ្តាលគ្រូបង្គោលដើម្បីបន្តទៅបណ្តុះបណ្តាលសិស្សានុសិស្សនៅតាមសាលារៀនរបស់ខ្លួន។

សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាក្របីរៀលខាងលើនេះ បានចាប់ផ្តើមពីខែឧសភាដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានសិស្សចូលរៀនសរុបចំនួន១៨២នាក់ មកពីថ្នាក់ទី៥ និងថ្នាក់ទី៦ រួមទាំងគ្រូទទួលបន្ទុកចំនួន៤នាក់។ ដោយបង្រៀនក្នុងថ្នាក់ពេលព្រឹករយៈពេល២ម៉ោង និងរសៀល២ម៉ោងនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សរុបបង្រៀនក្នុងថ្នាក់បានចំនួន៤៨ម៉ោង និងបង្រៀនតាមរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងសារមន្ទីរបានចំនួន១២ម៉ោង៕