(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សហការជាមួយប្រតិបត្តិករសកម្មភាពមីនជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន ២១ស្ថាប័ន នឹងមានការរៀបចំការតាំងពិព័រណ៌ជាសាធារណៈនូវខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា សម្រាប់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានស្តង់ចំនួន ៥២ដាក់តាំងបង្ហាញ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកពិព័រណ៌ជាផ្លូវការ នៅព្រឹកវេលាម៉ោង ០៩៖០០ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្សប្រមាណ៣០០នាក់ផងដែរ។

ការតាំងពិព័រណ៌នេះ នឹងអនុញ្ញាតឱ្យចូលរួមទស្សនាដោយសេរី និងមានដាក់តាំងបង្ហាញពីសមិទ្ធផលសកម្មភាពមីនរយៈពេល៣០ឆ្នាំ ឧបករណ៍ ម៉ាស៊ីន គ្រឿងចក្របោសសម្អាតមីន ការបង្ហាញការដោះមីនដោយដៃ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដោយសត្វ (សុនខ និងកណ្តុរ)។

បន្ថែមលើនេះ ក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕