(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិធីបើក និងពិធីបិទ ការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំង ប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី ឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។

ហេតុដូច្នេះសូមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យចរាចរណ៍ជាធម្មតាវិញ៕