(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជានឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំងទៀត ដោយចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

ក្នុងជំនួបជាមួយលោកស្រី Boucher Sandrine នាយិកាដែលទើបបានតែងតាំងថ្មីរបស់ AFD នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដែលនៅរាជធានីភ្នំពេញគ្រោងនឹងបើកការដ្ឋានសាងសង់មុនសាលានៅខេត្តព្រះសីហនុ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារាំង AFD ដែលបានជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសបានផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ ដើម្បីឱ្យកម្ពុជាបន្តការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) បន្តការកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងហិរញ្ញប្បទានឥណទានដល់គម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

លោកបានបន្តទៀតថា នៅពេលដាក់ឱ្យដំណើរការបណ្ដុះបណ្ដាល សាលាជាតិទាំង២ទីតាំងនេះនឹងជួយបន្ថែមដល់សិស្សដែលមានជីវភាពខ្វះខាត ដោយសារសាលានឹងមានកម្មវិធីផ្ដល់អាហារូបករណ៍ កម្មវិធីសិក្សាបណ្ដើរធ្វើការបណ្ដើរដើម្បីបានប្រាក់ចំណូលខ្លះ ព្រមទាំងមានការបន្ធូរបន្ថយតម្លៃសិក្សាផងដែរ។ អ្វីដែលពិសេសលើសពីនេះ គឺសាលាជាតិនេះនឹងមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សឱ្យបានគ្រប់មុខជំនាញដែលបានដាក់ចេញ ទាំងស្ដង់ដាជាតិ និងស្ដង់ដាអាស៊ាន សរុបប្រមាណ៧០មុខជំនាញ ដែលត្រូវសិក្សារយៈពេល៣ឆ្នាំ។

លោកស្រីនាយិកា Boucher Sandrine បានបញ្ជាក់បន្ថែមអំពីការគាំទ្រលើគម្រោងសាងសង់សាលាជាតិទាំង២ទីតាំងថ្មីនេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត។

លោកសហរីនាយិកាបានបន្តថា AFD ក៏នឹងបន្តគាំទ្រក្រសួងទេសចរណ៍លើការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត។

គួរបញ្ជាក់ថា គម្រោងសាងសង់សាលាជាតិនេះនឹងដើរតួសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩៕