(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នៅស្រុកសង្គមថ្មី ក្រោមវត្តមានលោក ទែន សារ៉ុម ក្រុមប្រឹក្សាខេត្តស្ដីទី និងលោក អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាសមាជិក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងស្រុកសង្គមថ្មី។

នាឱកាសនោះលោកទែន សារ៉ុម បានលើកឡើងថា វេទិការនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលនានា​ដែលរាជរដ្ឋាភិបាលបានខិតខំកសាងនាពេលកន្លងមក និងជម្រាបជូនអំពីតួនាទីរបស់គណៈអភិបាលខេត្ត និងតួនាទីរបស់ក្រុមប្រឹក្សាខេត្ត ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាប ព្រមទាំងផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ សំណូមពរដែលបានលើកឡើងចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរសហគមន៍របស់បងប្អូនឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍តាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បើឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ដោយឡែកលោក អ៊ុង វុទ្ធី បានជម្រាបជូនអំពីរបាយការណ៍សង្ខេបរបស់ រដ្ឋបាលខេត្តព្រះវិហារស្តីពី ការអភិវឌ្ឍន៍រីកចម្រើនរ លើគ្រប់វិស័យចាប់ តាំងពីទីប្រជុំជន ក្រុង ស្រុក រហូតដល់ថ្នាក់មូលដ្ឋាន ដែលទាំងនេះរួមមានវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យអប់រំ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ជាច្រើនទៀត ពិសេសការផ្តល់សេវាសាធារណៈ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម។

សូមបញ្ជាក់ថា អង្គវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ ក៏មានការចូលរួមលើកឡើង អំពីសំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចជា៖បញ្ហព្រំប្រទល់ បញ្ហាការកំណត់ព្រំដី តំបន់អភិរក្សបឹងពែ និងការស្នើសុំផ្លូវ និងបញ្ហាផ្សេងៗទៀត។ អង្គវេទិការផ្សព្វផ្សាយ បានស្រាយបំភ្លឺ និងសម្របសម្រួល ពីមន្រ្តីជំនាញពាក់ព័ន្ធនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងបានមួយចំនួន ហើយ មួយចំនួនទៀតដែលនៅសេសសល់ និងយកទៅធ្វើការប្រជុំពិភាក្សា ដោះស្រាយនៅពេលក្រោយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោលឡើយ៕