(ភ្នំពេញ)៖ ព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង និងព្រះចៅអធិការវត្តតាំងក្រសាំងខាងត្បូង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដែលតំណាងដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានអនុសាខាកាកបាតក្រមហកម្ពុជាខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រះចៅអធិការ គឹម ធួង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានមានព្រះថេរដីកាសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមចំណែកជាមួយការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏ដូចជានៅរាជធានីភ្នំពេញ និងជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ព្រះចៅអធិការក៏បានសន្យានឹងបន្តគាំទ្រសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាមួយនេះឥតងាករេជារៀងដរាប ទោះបីមានទេយ្យទានតិចក្តីច្រើនក្តី និងបន្ដជួយទៀត ដើម្បីឲ្យការងារមនុស្សធម៏ដំណើរការដោយរលូនផងដែរ។

នាឱកាសនោះ ព្រះសីលធម្មគុណ គឹម ធួង ព្រះចៅអធិការវត្តតាំងក្រសាំងខាងជើង និងព្រះមង្គលកោវិទ ជឿន ចន្ថា ព្រះចៅអធិការវត្តតាំងក្រសាំងខាងត្បូង បានមានព្រះ​ថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំង​មនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។

ជាការឆ្លើយតប លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានក្រុមការងារ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មា​ធិការ​សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណយ៉ាងជ្រាលជ្រៅប្រគេន ចំពោះព្រះសង្ឃ គណៈកម្មការ​ អាចារ្យវត្តទាំងអស់ ដែលជារៀងរាល់ឆ្នាំតែងតែបរិច្ចាគទេយ្យទានជូនដល់អនុសាខាខណ្ឌ ដើម្បីអនុ​សាខា​កាន់តែមានលទ្ធភាពបន្ថែមទៀតក្នុងការជួយសម្រាលដល់ការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងមូលដ្ឋានខណ្ឌ ហើយសកម្មភាពនេះបានបង្ហាញ​ពីវប្បធម៌ចែករំលែកដ៏ល្អ ក្នុងការជួយគ្នាទៅវិញទៅមក និងបានបង្ហាញពីការផ្សាភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន​ឡើយ។

លោកប្រធានក្រុមការងារបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ​ តាមការចង្អុល​បង្ហាញ​ជាប្រចាំពីសំណាក់​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា​។

ទេយ្យទានដែលអនុសាខាបានទទួលពីវត្តតាំងក្រសាំងខាងជើង រួមមាន៖ អង្ករ១តោន, ទឹកត្រី ៨យួរ, ទឹកស៉ីអ៉ីវ២៥យួរ, ទឹកដោះគោ១៤៦កំប៉ុង, ទឹកក្រូច៤៧កេស, ស្ករស១៩០គីឡូក្រាម, តែ៦៣កញ្ចប់, មីម៉ាម៉ា១០០កេស, ទឹកសុទ្ឋ៤០កេស, សម្ភារៈផ្ទះបាយ២៥សម្រាប់ និងបច្ច័យចំនួន២លានរៀល។

វត្តតាំងក្រសាំងខាងត្បូង រួមមាន៖ អង្ករ៧៥០គីឡូក្រាម, ទឹកត្រី៣០យួរ, ទឹកស៉ីអ៉ីវ៣០យួរ, ទឹកដោះគោ២០០កុំប៉ុង ទឹកក្រូច២០កេស, ស្ករស១០០គីឡូក្រាម, អំបិល៥០គីឡូក្រាម, ត្រីខ៣០យួរ, តែ៥០០កញ្ចប់, មី៣០កេស និងសម្ភារៈផ្ទះបាយ១៥សម្រាប់ ព្រមទាំងបច្ច័យចំនួន២លានរៀល៕