(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារ ១០ខែឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក ញ៉ឹក បានខេង អនុប្រធានកិត្តិយសសាខា តំណាងលោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា-អនុសាក្រុង/ស្រុក ក្រុមប្រតិបត្តិសាខាខេត្តកំពង់ធំ សរុបចំនួន ៣៤នាក់។

លោកស្រី ពុំ ចន្ទីនី បានមានប្រសាសន៍ពាំនាំនូវព្រះរាជទានសេចក្ដីនឹករលឹក និងព្រះរាជឱង្ការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពី ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំ។

ក្នុងនោះលោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងការទទួលខុស-ត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ កន្លងមកសម្រេចបាននូវជោគជ័យ។

លោកស្រីបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងនគរបាលជាតិ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ មានកិច្ចសហការល្អ និងសម្រួលដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង។

លោកស្រីក៏បានលើកយកនូវគន្លឹះសំខាន់ៗ ជំរុញនិងពង្រឹងពង្រីកភាពម្ចាស់ការរបស់សាខារួមមាន រចនាសម្ព័ន្ធ តួនាទី ភារកិច្ច របបប្រជុំរបស់គណៈកម្មាធិការសាខា-អនុសាខា និងកិច្ចការងារដែលក្រុមប្រតិបត្តិសាខាត្រូវធ្វើ ។លោកស្រីធ្វើបទបង្ហាញអំពីយុទ្ធសាស្ត្រ ២០២១ -២០៣០ របស់កាកបាទក្រហមកម្ពុជា និងលើកទឹកចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ធ្វើផែនការសកម្មភាពប្រចាំឆ្នាំប្រកបដោយភាពឈ្លាសវៃ៕