(កំពង់ចាម)៖ លោក តូច ឧត្តម ព្រះរាជអាជ្ញារង ទទួលបន្ទុកកិច្ចការអាជ្ញាសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះអនុវត្តសាលក្រមរដ្ឋប្បវេណីស្ថាពរ និងដីកាសម្រេចអនុវត្តជំនួស ស្ថិតនៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយតម្រូវឲ្យភាគីប្អូនបង្កើតដែលចាញ់ក្តី រុះរើផ្ទះចេញដើម្បីប្រគល់ដីទៅឲ្យភាគីឈ្នះក្តី។

មុនពេលចាប់ផ្តើមការអនុវត្តការរុះរើ លោក តូច ឧត្តម បានធ្វើការសម្របសម្រួលចុងក្រោយជាមួយ ប្អូនបង្កើតដែលចាញ់ក្តីឈ្មោះ នៅ ចំរើន រួមជាមួយក្រុមគ្រួសារ ឲ្យអនុវត្តដោយស្ម័គ្រចិត្តដើម្បីបញ្ជៀស ការរុះរើដោយបង្ខំ ប៉ុន្តែនៅចំពោះមុខព្រះរាជអាជ្ញារង និងសមត្ថកិច្ចគណៈកម្មការចម្រុះ ភាគីកូនបំណុលនៃការអនុវត្តប្អូនបង្កើត និងក្រុមគ្រួសារ នេះក្រាញននាលមិនចេញជាដាច់ខាត ស៊ូស្លាប់មិនឲ្យរុះរើផ្ទះចេញពីដី ទោះជាមានសាលក្រមស្ថាពរប្រគល់ដីឲ្យបងបង្កើតអ្វីក៏ដោយ។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន លើកឡើងថា គ្រួសាររបស់ប្អូនបង្កើតដែលចាញ់ក្តី និងក្រុមគ្រួសារមួយនេះ គឺជាក្រុមគ្រួសារនិយាយមិនសូវស្តាប់ហេតុផល និងមិនសូវយល់ដឹងច្បាប់ទម្លាប់អ្វីនោះទេ ហើយក៏មិនសូវត្រូវគ្នាជាមួយគេឯងផងដែរ ជាពិសេសវិវាទដីកេរ្ដិ៍នេះ គឺអូសបន្លាយពេលយូរមកហើយ ទោះបីជាអាជ្ញាធរហៅមក ដោះស្រាយក៏ពួកគេមិនសហការចូលរួមឡើយ។

ដោយសារមានការក្រាញននាលរបស់ប្អូនបង្កើតដែលចាញ់ក្តី និងក្រុមគ្រួសារ និងស្ថានភាពរបស់ឈ្មោះ យ៉ុន យ៉យ ដែលជាប្រពន្ធរបស់ឈ្មោះ នៅ ចំរើន មានស្ថានភាពជំងឺហាក់ធ្ងន់ធ្ងរ និងជាក់ស្តែងមានស្ត្រីមានផ្ទៃពោះ នៅទីតាំងអនុវត្តដែលត្រូវរុះរើ លោកព្រះរាជអាជ្ញារង ដែលជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលា ដឹកនាំគណៈកម្មការចម្រុះ បង្អង់ការអនុវត្តរុះរើមួយអន្លឺសិន ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុដែលអាចកើតឡើង ហើយនឹងបន្តអនុវត្តការរុះរើដើម្បីអនុវត្តសិទ្ធិជាស្ថាពររបស់បងបង្កើតដែលជាឈ្នះក្តីនាពេលក្រោយ។

សូមរំលឹកថា ក្នុងអង្គហេតុនៅឆ្នាំ១៩៨៩ កាលពីឪពុកឈ្មោះ ជឹម នៅ នៅរស់ គាត់បានធ្វើលិខិតចែកអំណោយឲ្យកូនបីនាក់ រួចរាល់អស់ហើយ ដោយក្នុងនោះឈ្មោះ នៅ យូអេង និងឈ្មោះ នៅ ពៅ ទទួលបានដីភូមិទំហំ ៩៧៣,៥ម៉ែត្រការ៉េ នៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានបង្កាន់ដៃលេខ០៥០០៤១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៩០។ ចំណែកឈ្មោះ នៅ ចំរើន បានទទួលជាប្រាក់ចំនួន៥,០០០រៀល ស្មើនឹងមាស២តំឡឹង។

ការបែងចែកនេះ ដោយសារតែឈ្មោះ នៅ ចំរើន ធ្លាប់ទទួលបានទ្រព្យសម្បត្តិជាច្រើនពីឪពុកម្តាយកន្លងមក ហើយនៅលើលិខិតនោះ ក៏មានការយល់ព្រមទាំងអស់គ្នារួចហើយ ដោយថែមទាំងមានផ្តិតមេដៃនៅចំពោះមុខអាជ្ញាធរនាសម័យនោះទៀតផង។ ម្យ៉ាងទៀត នៅពេលទាញហេតុផលដោយផ្ទាល់មាត់ ឈ្មោះ នៅ ចំរើន មិនបានបដិសេធចំពោះការបង្កើតលិខិតចែកអំណោយនេះទេ ហើយថែមទាំងទទួលស្គាល់ថា ខ្លួនបានទទួលប្រាក់ចំនួន៥,០០០រៀល នោះមែន។ ចំណុចនេះបញ្ជាក់ឲ្យឃើញថា លិខិតចែកអំណោយឲ្យកូនចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៨៩ គឺបានធ្វើឡើងដោយឆន្ទៈព្រមព្រៀងពិតប្រាកដ និងត្រឹមត្រូវតាមច្បាប់។

ដោយយោងលើសំអាងហេតុ សាលាដំបូងខេត្តកំពង់ចាម បានធ្វើសេចក្តីសម្រេចបញ្ចប់៖

*ទី១៖ ទទួលស្គាល់លិខិតចែកអំណោយឲ្យកូនចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៨៩ ដែលធ្វើឡើងដោយឈ្មោះ ជឹម នៅ ជាឪពុក និងកូនទាំងបីនាក់មានឈ្មោះ នៅ យូអេង, ឈ្មោះ នៅ ពៅ និងឈ្មោះ នៅ ចំរើន ទុកជាត្រឹមត្រូវតាមច្បាប់។

*ទី២៖ ទទួលស្គាល់ឈ្មោះ នៅ យូអេង និងឈ្មោះ នៅ ពៅ ជាអ្នកមានសិទ្ធិសហកម្មសិទ្ធិលើដីភូមិទំហំ៩៧៣,៥ ម៉ែត្រការ៉េ ស្ថិតនៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ការទាមទារលើសពីនេះ លើកចោល។

*ទី៣៖ នៅពេលដែលសាលក្រមចូលជាស្ថាពរ ឈ្មោះ នៅ ចំរើន និងប្រពន្ធឈ្មោះ យុន យ៉យ ត្រូវរុះរើផ្ទះចេញពីដីក្នុងចំណុចទី២ នៃសេចក្ដីសម្រេចបញ្ចប់ខាងលើ។

សាលក្រមនេះជំនុំជម្រះ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងប្រកាសនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ភាគីណាមិនសុខចិត្តនឹងសាលក្រមនេះ មានសិទ្ធិប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ហើយភាគីប្អូនបង្កើតឈ្មោះ នៅ ចំរើន មិនបានប្តឹងឧទ្ធរណ៍នោះទេ គឺយល់ស្របនឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តកំពង់ចាម៕