(សៀមរាប)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆា ឆ្នាំ២០២២ បានបង្ហាញនូវសុទិដ្ឋិនិយម និងសេចក្តីរំពឹងយ៉ាងមុតមាំថា អាយឆា-ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២៣ នឹងបន្តដឹកនាំបេសកកម្មសិទ្ធិមនុស្សឱ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនអាស៊ានទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ានទាំងអស់ ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។

មុននឹងបិទបញ្ចប់កិច្ចប្រជុំមានការរៀបចំពិធីផ្ទេរតួនាទីជាប្រធានអាយឆា ពីអាយឆា-កម្ពុជា ទៅឱ្យអាយឆា-ឥណ្ឌូនេស៊ី, លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់ក្រុមការងារអាយឆាទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ដែលបានចូលរួម និងសហការយ៉ាងល្អជាមួយអាយឆា-កម្ពុជា ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២២ ដែលធ្វើឱ្យអាយឆា សម្រេចបានលទ្ធផល និងសមិទ្ធផលគួរជាទីមោទនពេញមួយឆ្នាំនេះ។

នៅក្នុងកិច្ចប្រជុំនេះ អាយឆា លោក កែវ រ៉េមី បានបញ្ជាក់ថា បានរៀបចំកិច្ចជំនួបជាមួយអង្គការសហប្រជាជាតិ ដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនការចូលរួមជាមួយគ្នារវាងអាយឆា និងអង្គការសហប្រជាជាតិលើវិស័យសិទ្ធិមនុស្ស ហើយក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតស្របតាមក្របខណ្ឌផែនការការងារប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០២៣។

កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពទៅលើការវិវឌ្ឍថ្មីៗ ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សក្នុងតំបន់អាស៊ានដូចជា៖ ការបង្កើតច្បាប់ បទប្បញត្តិ និងគំនិតផ្តួចផ្តើមថ្មីៗ ហើយតំណាងអាយឆា-ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន បានចែករំលែកទស្សនផ្សេងៗស្តីពីបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមរបស់អាស៊ាន។ កិច្ចប្រជុំនេះក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិមនុស្ស និងបរិស្ថាន ធុរកិច្ច និងសិទ្ធិមនុស្ស និងការជួញដូរមនុស្សជាដើម។

តំណាងប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន បានសម្តែងនូវការកោតសរសើរ និងសាទរចំពោះអាយឆា-កម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំ និងកម្មវិធីផ្សេងៗក្នុងឆ្នាំ២០២២នេះ បានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលគួរជាទីពេញចិត្ត៕