(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកជំនន់ ជូនដល់មន្ត្រីជំនាញ ដើម្បីបង្កើនសមត្ថភាពបន្ថែម ក្រោមអធិបតីភាពលោក ហែម បូរ៉ា អនុរដ្ឋលេខាធិកា ក្រសួងសង្គមកិច្ច និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានថ្លែងថា តាមការអង្កេតរហ័សបានបញ្ជាក់ថា កម្មវិធីនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងនោះក្នុងក្រប ខណ្ឌរាជធានីភ្នំពេញនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានអនុវត្តកម្មវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របតាមការដឹកនាំដ៏ឈ្លាសវៃ មគ្គុទេសច្បាស់លាស់ ប្របដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក វង សូត រដ្ឋមន្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឃួង ស្រេង និងថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គម ដែលបានខិតខំយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងការបង្កើតកម្មវិធីជំនួយសង្គមសាច់ប្រាក់ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋគ្រួសារ ដែលរងគ្រោះ និងងាយរងគ្រោះនាពេលកន្លងមកនេះ។

លោកស្រី កែវ សុខពិសី បានថ្លែងថា ការរៀបចំថ្ងៃនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិកម្មវិធីក្នុងការត្រៀមលក្ខណៈយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីថ្មីនេះ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្លើយតប ទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីអភិបាលរង បានបន្តថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្ត្រីក្រុង ខណ្ឌសង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ទទួលបានបទពិសោធន៍ និងការរៀនសូត្រជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែ មានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ។

ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តចុះកែលម្អបន្ថែមទៀត ពិសេសការគាំទ្រ និងការតាមដាន ត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារ តួនាទី ភារកិច្ចឱ្យកាន់តែមានតម្លាភាពគណនេយ្យ និងសុក្រឹត្យភាពដល់រដ្ឋបាលក្រុង ខណ្ឌ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងមានភាពបទបែនលើគ្រប់ទិដ្ឋភាពសង្គម។

លោក ហែម បូរ៉ា បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីថ្មី ក្នុងចំណោមកម្មវិធីជំនួយសង្គមផ្សេងទៀត នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ពិសេសក្នុងឆ្នាំ២០២២នេះ ផ្អែកតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី និងមន្ទីរសុខាភិបាល ឃើញថា រាជធានីភ្នំពេញ បានអនុវត្តការងារបានល្អ និងមានភាពលិចធ្លោ បើធៀបទៅនឹងក្របខណ្ឌទូទាំងប្រទេស ផ្អែកតាមសមិទ្ធផល វឌ្ឍនភាពជាច្រើន គួរឱ្យកត់សម្គាល់ហើយក៏ជាមោទនភាពរបស់រាជធានីភ្នំពេញផងដែរ៕