(ភ្នំពេញ)៖ លោក ធឹម សំអានអភិបាលខណ្ឌព្រែកព្នៅ បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការស្ថាបនាលូ អមសង្ខាងផ្លូវ ត្រូវគោរពតាមស្តង់ដារ លក្ខណៈបច្ចេកទេស នៅក្នុងសៀវភៅ តាមដានការដ្ឋាន ឱ្យបានត្រឹមត្រូវ និងត្រូវខិតខំរក្សា ឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។

ការជំរុញបែបនេះរបស់លោក ធឹម សំអាន បានធ្វើឡើងក្នុងពិធីបើកការដា្ឋន អនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ ពិធីបើកការដ្ឋានដាក់ប្រព័ន្ធលូរំដោះទឹក អមសង្ខាងផ្លូវ ដែលមានបណ្ដោយប្រវែង ១,៤២២ម៉ែត្រ មុខកាត់០.៦ម៉ែត្រ ស្ថិតក្នុងភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោកក៏បានសុំការអធ្យាស្រ័យ ពីប្រជាពលរដ្ឋ និងសូមឱ្យប្រជាពលរដ្ឋជួយពិនិត្យមើល និងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំណុចអសកម្ម និងបានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមទីតាំងបើកការដ្ឋានមានការយោគយល់ ខណៈគម្រោងដំណើរការនាំអោយមានការរំខាន ដល់ការប្រកបអាជីវកម្មរឺការធ្វើដំណើរចេញចូលផ្ទះជាដើម។

លោក ធឹម សំអាន បានសំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលម៉ៅការផងដែរ ពីព្រោះប្រជាពលរដ្ឋ គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុនខុសពីកិច្ចសន្យា ត្រូវរាយការណ៏ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់។

លោកអភិបាលខណ្ឌព្រែកព្នៅ បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបន្តបេសកកម្មធ្វើឱ្យកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេសគឺការសម្រេចបាននូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាលបានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាពដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែកចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោងជាអាទិភាពរួមមានការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តាលូ និងការរៀបចំការ៉ូឡាឱ្យមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់៕