(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនពលរដ្ឋក្រីក្រចំនួន២៩គ្រួសារ ដែលរស់នៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក អ៊ូច ភា បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនាអ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោក អ៊ូច ភា បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ អំពីការវិវឌ្ឍន៍ថ្មីៗ ជាពិសេសបន្ទាប់ពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣ នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅលើពិភពលោក។

លោកបានគូសបញ្ជាក់ថា ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូលផងដែរ៕