(ភ្នំពេញ)៖ អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បង្ហាញថា នៅក្នុងរយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកានេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់មានការកើនឡើងគួឱ្យព្រួយបារម្ភ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលធ្វើនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២នេះថា បន្ទាប់ពីរាជរដ្ឋាភិបាលទទួលជោគជ័យក្នុងការគ្រប់គ្រងទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យតាំងពីខែតុលាឆ្នាំ២០២១នោះ ការធ្វើចរាចរណ៍ទូទាំងប្រទេសក៏ចាប់ផ្ដើមមានភាពមមាញឹកយ៉ាងខ្លាំង ហើយស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ មានសភាពធ្ងន់ធ្ងរ ដោយចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២២៨៦លើក កើនឡើង២១% អ្នកស្លាប់ចំនួន១៣៤២នាក់កើនឡើង២៧%អ្នករបួសធ្ងន់ ២០០៤នាក់ កើន២៨% របួសស្រាល២៣៩១នាក់កើន១៤%។

បើយោងតាមរបាយការណ៍របស់ អគ្គស្នងការនគរបាលជាតិ គិតត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអ្នកស្លាប់ចំនួន ៧០នាក់ បើធៀបនឹង ១៥ថ្ងៃ នៃខែតុលាឆ្នាំ២០២២ នេះដែរ មានត្រឹម៤៦នាក់ កើន២៤នាក់ ស្មើ៥២% ដែលចំនួនអ្នកស្លាប់ឡើនឡើងគួឱ្យព្រួយបារម្ភ។

លោកស្រីបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឱ្យបាត់បង់ ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើន លើសង្គមកម្ពុជា និងសង្គមជាតិនានាទូទាំងពិភពលោក រួមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃការដឹកជញ្ជូន ដែលជាដង្ហើមរស់របស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ដូច្នេះហើយទើប អង្គការសហប្រជាជាតិបាន ផ្ដល់អនុសាសន៍ឱ្យគ្រប់ប្រទេសជាសមាជិកដាក់ចេញនូវផែនការទស្សវត្យចរាចរណ៍លើកទី១ ពីឆ្នាំ២០១១ ដល់២០២០ ដោយតម្រូវឱ្យខិតខំកាត់បន្ថយយ៉ាងណាឱ្យបាន៥០% ដែលសម្រាប់កម្ពុជាគឺ ប្រមាណ ៧៣៥០នាក់ នៃចំនួនប៉ាន់ស្មានរួម១៤៧០០នាក់។ប៉ុន្តែកម្ពុជាកាត់បន្ថយបានតែ ជាង៤៧២០នាក់ ស្មើនឹង៦៤% នៃ៥០% ប៉ុន្តែបើធៀបនឹង ចំនួនសរុបរួមគឺបានតែ ៣១%តែប៉ុណ្ណោះ។

ដូចនេះលោកស្រីបានសំណូមពរសុំឱ្យសិក្ខាកាមទាំងអស់ខិតខំគ្រងត្រាប់ និងផ្លាស់ប្តូរផ្ដល់យោបល់ដកស្រង់យកចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានតាមផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ជាមួយនឹងការបន្តជួយអប់រំផ្សព្វផ្សាយ ឱ្យអ្នកនៅជុំវិញខ្លួនខិតខំប្រុងប្រយ័ត្នក្នុងការធ្វើដំណើរជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

ចំណែកលោក Weimin Ren ប្រធានផ្នែកដឹកជញ្ជូននៃ UNESCAP បានថ្លែងថា សុវត្ថិភាពចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់របស់យើង។នៅក្នុងតំបន់របស់យើង ៩៧% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅ ក្នុងប្រទេសដែល មានប្រាក់ចំណូលមធ្យម ជាមួយនឹងអ្នកប្រើប្រាស់ផ្លូវដែលជាជនងាយរងគ្រោះ រួមមាន អ្នកជិះម៉ូតូ ថ្មើរជើង និងអ្នកជិះកង់ ដែលមានចំនួនច្រើនជាង ៥០%។

លោកសង្ឃឹមថា សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានាឱកាសនេះ នឹងផ្ដល់ឱកាសដើម្បីពិភាក្សាអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ និងបញ្ហាប្រឈមនានាក្នុងប្រទេសកម្ពុជា និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការអនុវត្តផែនការថ្នាក់តំបន់បន្ថែមទៀតនៅថ្នាក់ជាតិ៕