(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធផ្សេងៗទៀតដែលមានមេដឹកនាំសំខាន់ៗនៅលើពិភពលោកចូលរួម ជាពិសេសមេដឹកនាំសហរដ្ឋអាមេរិក តែម្ដង ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់១៣ វិច្ឆិកា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចេះត្រចង់។

មានព្រឹត្តការណ៏ផ្លូវការ និងក្រៅផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលនេះជាច្រើនបានទាក់ទាញចំណាប់អារម្មណ៏ប្រជាពលរដ្ឋនៅលើពិភពលោក ជាពិសេសពលរដ្ឋខ្មែរតែម្ដងក្នុងការយកចិត្តទុកដាក់តាមដាននូវសកម្មភាព និងទិដ្ឋភាព នៃកិច្ចប្រជុំកំពូល និងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធដ៏មានសារៈសំខាន់នេះ ។

ក្រៅពីរូបភាព និងសកម្មភាពរបស់មេដឹកនាំសំខាន់ៗនៅក្នុងកិច្ចប្រជុំបានទាក់ទាញចំណាប់អារម្មណ៏របស់សាធារណជន។ រូបភាពយ៉ាងសង្ហា និងសកម្មភាពរបស់ព្រះរាជទាយាទដែលជាបុត្រារបស់ស្ដេច នៃប្រទេសព្រុយណេអមយាងដំណើរព្រះបិតាមកចូលរួមកិច្ចប្រជុំ បានទាក់ទាញចំណាប់អារម្មណ៏យុវវ័យយ៉ាងខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គម ។ បន្ទាប់មករូបសម្ផស្សដ៏ស្រស់ផូរផង់ និងក្មេងជាងវ័យរបស់ភរិយាប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក៏បានទាក់ទាញចំណាប់អារម្មណ៏ដូចគ្នា រហូតដល់អ្នកខ្លះបានលាន់មាត់ថា អាយុជាង៥០ឆ្នាំហើយ តែមើលទៅដូចអាយុ១៨ឆ្នាំជាដើម ។ ក្រៅពីនេះអាវហូលចំរុះពណ៌ដែលជាសាច់ក្រណាត់តំណាងអត្តសញ្ញាណខ្មែរដ៏ថ្លៃថ្នូរដែលមេដឹកនាំបណ្ដាលប្រទេសនានាពាក់ចូលរួមនៅក្នុងពិធីលាងសាយភោជន៏អបអរបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ក៏បានធ្វើអោយមានការទាក់ទាញចំណាប់អារម្មណ៏ផងដែរ ។

តើប្រិយមិត្តដឹងទេ! អាវហូលដែលមេដឹកនាំទាំងអស់ពាក់ តើជាងកាត់ដេររូបណាដែលមានកិត្តិយសត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសសំរាប់កាត់ជូនប្រមុខថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំអន្តរជាតិសំរាប់ពាក់ចូលរួមនៅក្នុងពិធីដ៏មានកិត្តិយសខាងលើនេះ ។

ហាងកាត់ដេរ ឧត្តមរស្មី ត្រូវគេអះអាងថា ត្រូវបានជ្រើសរើសសំរាប់កាត់សម្លៀកបំពាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខដឹកនាំបណ្ដាលប្រទេស និងអង្គការដៃគូអន្តរជាតិធំៗដែលមកចូលរួមក្នុងកិច្ចប្រជុំសំរាប់ពាក់ចូលរួមក្នុងពិធីជប់លៀងខាងលើនេះ ។

លោក គង់ ដារ៉ារិទ្ធ ម្ចាស់ហាងកាត់ដេរ ឧត្តមរស្មី បានថ្លែងប្រាប់បណ្តាញព័ត៏មាន Fresh News អោយដឹងថា ហាងរបស់លោក ពិតជាត្រូវបានក្រសួងការបរទេសកម្ពុជា ផ្ដល់កិត្តិយសជ្រើសរើសយកសំរាប់កាត់អាវហូលជូនមេដឹកនាំជាតិ និងអន្តរជាតិពាក់ចូលរួមនៅក្នុងពិធីជប់លៀងអបអរសាទរបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិតមែន ។ លោក គង់ ដារ៉ារិទ្ធ បានថ្លែងបន្តថា លោកពិតជាមានកិត្តិយស និងសប្បាយរីករាយក្រៃលែង ព្រោះបានការផ្ដល់ទំនុកចិត្តពីប្រមុខរាជរដ្ឋាភិបាល ពិសេស ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហើយក្រៅពីបានកាត់អាវសំរាប់ប្រមុខរាជរដ្ឋាភិបាល និងប្រមុខមេដឹកនាំធំៗនៅលើពិភពលោកពាក់ហើយ ថែមទាំងមេដឹកនាំបណ្ដាលប្រទេសមួយចំនួនអនុញ្ញាតអោយថតរូបជាមួយទុកជាអនុស្សាវរីយ៏ថែមទៀត ដូចជាថតរូបជាមួយលោក ចូ បៃដិន មេដឹកនាំសហរដ្ឋអាមេរិក ស្ដេច នៃប្រទេសព្រុយណេ ជាដើម ៕