(រតនគិរី)៖ លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា តំណាងលោករដ្ឋមន្ត្រី វង សូត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវគ្គ បណ្ដុះបណ្ដាលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ អំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីការអនុវត្តឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ជូនដល់មន្ត្រីជំនាញ ដើម្បីបង្កើនសមត្ថភាពបន្ថែម។

នាឱកាសនោះដែរ លោក ញ៉ែម សំអឿន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅក្បែបន្ទាត់ក្រីក្រដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារអ្នកផ្ទុកមេរោគអេដស៍ជាដើម។

លោកអភិបាលខេត្តបន្តថា ការឧត្តម្ភសាច់ប្រាក់នេះបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់នូវចក្ខុវិស័យវែងឆ្ងាយក្នុងប្រព័ន្ធគាំពារសង្គម និងជំរុញប្រព័ន្ធគាំពារសង្គម មួយមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។

បើតាមលោក តូច ចាន់នី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គមតាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន១បន្ថែមទៀត គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា។រហូតមកដល់ពេលនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិតជាត្រូវបានទទួលស្គាល់ជាយន្តការអន្តរាគមន៍មួយដ៏មានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែង ហើយការរៀបចំវគ្គបណ្តុះបណ្តាលថ្ងៃនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពថ្មីៗដល់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក និងមន្រ្តីអនុវត្តកម្មវិធីឃុំ សង្កាត់ ក្នុងការត្រៀមលក្ខណៈអនុវត្តកម្មវិធីខាងលើឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល។

លោក តូច ចាន់នី បានបន្តថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្រ្តីកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទទួលបានបទពិសោធន៍ និងការរៀនសូត្របានជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជា ច្រើនគួរជាទីមោទនភាព។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឱ្យមន្ត្រីកម្មវិធីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តកែលម្អបន្ថែមទៀតពិសេសគាំទ្រ និងការតាមដានត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារឱ្យកាន់តែមានតម្លាភាព គណនេយ្យ និងសុក្រឹត្យភាពដែលជាមូលដ្ឋានមួយយ៉ាងសំខាន់ក្នុងការផ្ដល់ការគាំទ្រដល់មូលដ្ឋានទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងបទបែនលើគ្រប់ទិដ្ឋភាពសង្គម៕