(ភ្នំពេញ)៖ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងឧត្តមានុវត្តន៍ កម្មវិធីភាពជាដៃគូរសកលសម្រាប់ការអប់រំ ដំណាក់កាលទី៣ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ផ្នែកមួយនៃគន្លឹះជោគជ័យក្នុងការធ្វើកំណែទម្រង់សាលារៀន ជាការវាយតម្លៃច្បាស់លាស់ នូវលទ្ធផលពិន្ទុដែលជាសមត្ថភាពរបស់សិស្សជាក់ស្តែង ដែលមិនមែនជាពិន្ទុបង្រៀនគួរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះថា «ជាគន្លឹះជោគជ័យនៃកំណែទម្រង់សាលារៀន ទី១៖ គឺការធ្វើតេស្តស្តង់ដារមួយដែលមានតម្លាភាព យុត្តិធម៌ លើកទឹកចិត្តឱ្យសិស្សខិតខំប្រឹងប្រែងរៀន គ្រូខិតខំបង្រៀន, ទី២៖ ការវាយតម្លៃលទ្ធផលការងាររបស់គ្រូ ចឹងទាល់តែការវាយតម្លៃនេះវាច្បាស់លាស់នូវលទ្ធ និងពិន្ទុ និងភាពជាក់ស្តែង ដែលមិនមែនជាពិន្ទុបង្រៀនគួរទេ តែជាពិន្ទុមួយបង្ហាញពីសមត្ថភាពរបស់សិស្សជាក់ស្តែង ហើយបន្ទាប់មកគឺការបិទផ្សាយពិន្ទុនេះជាសាធារណៈ ដើម្បីឱ្យឪពុកម្តាយ ចូលរួមគាំទ្រ [..] ដើម្បីចូលរួមការបង្កើតនូវការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយជាពិសេសយើងប្រជុំគ្រូនាយកមករៀននៅមហាវិទ្យាល័យអប់រំ ដើម្បីជួយគាំទ្រទៅដល់ការធ្វើកំណែរទម្រង់ ក្នុងសាលារៀន ចឹងកន្លែងនេះគឺជាគន្លឹះជោគជ័យ ហើយធ្វើឱ្យការវាយតម្លៃគ្រូ ក៏ដូចជាការវាយតម្លៃគន្លងអាជីពនេះបានជោគជ័យ»

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ប្រសិនបើគ្មានយន្តការនេះទេ ការវាយតម្លៃនេះគឺឆ្លុះបញ្ជាំងមិនបានត្រឹមត្រូវនោះទេ ដែលមានន័យថាសិស្សដែលមានលទ្ធភាពទៅរៀនគួរ និងបានពិន្ទុល្អ ប៉ុន្តែនៅពេល ដែលគាត់មកប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនប្រាកដថា គាត់អាចធ្វើបានពិន្ទុល្អនោះទេ។ លោកបានបន្ថែមថា បទពិសោធន៍នៃការអនុវត្តន៍គន្លងអាជីពនេះកន្លងមកនេះ ទាមទារនូវការពង្រឹងការគ្រប់គ្រង តាមសាលារៀនតែម្តងទើបជោគជ័យ។

លោក ហង់ជួន ណារ៉ុន ថា ការរៀបចំប្រព័ន្ធវាយតម្លៃបុគ្គលិកអប់រំនេះ មិនមែនជារឿងងាយស្រួលនោះទេ ប្រសិនបើយើងរៀបចំមិនស្រួលនិងមានការប្តឹងតវ៉ា ដូចនេះការវាយតម្លៃ​តែងតាំងក្តី ការវាយតម្លៃការរៀនសូត្រក្តី ត្រូវតែមានតម្លាភាព មានភាពយុត្តិធម៍ និងមានភាពច្បាស់លាស់ ហើយត្រូវធ្វើពីកម្រិតសាលារៀន ដោយផ្តោតទៅលើលទ្ធផលសិក្សារបស់សិស្ស​ផងដែរ បើមិនដូចនេះទេនិងធ្វើឱ្យការវាយតម្លៃនេះមិនបានត្រឹមត្រូវ ហើយក៏មិនបានសម្រេចតាមគោលដៅនោះដែរ។ ការងារនេះគឺត្រូវតែបន្តជាពិសេសគឺយន្តការក្របខណ្ឌគោលនយោបាយគន្លងអាជីពនេះ គឺមានរួចហើយ ប៉ុន្តែយន្តការវាយតម្លៃត្រូវតែធានាបានឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែទៀតថា ជាគន្លឹះដើម្បីឱ្យបានជោគជ័យនៃកំណែទម្រង់សាលារៀន ក៏ទាមទារឱ្យមានការធ្វើការកំណែរទម្រង់នៅសាលាគរុកោសល្យផងដែរ៕