(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ មូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

នៅក្នុងជំនួបពិភាក្សានេះ លោកស្រី ឱ វណ្ណឌីន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រភិភូ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការឆ្លើយតបប្រកបដោយភាពជោគជ័យ និងគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរាតត្បាតនៃវីរុសកូវីដ១៩នៅកម្ពុជា។

ជាពិសេសការធ្វើយុទ្ធនាការស្រោចស្រពចាក់វ៉ាក់សាំងកូវីដ១៩ ដោយមិនបង់ថ្លៃនៅទូទាំងប្រទេស រួមទាំងជនបរទេសដែលរស់នៅក្នុងកម្ពុជាផងដែរ និងមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលបានអនុញ្ញាតឲ្យមានការបើកដំណើរការប្រទេសឡើងវិញតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។

បើតាមលោកស្រី ឱ វណ្ណឌីន គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាសម្រេចបានអត្រាចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ បាន៩៥,១៤% នៃប្រជាជនចំនួន ១៦លាននាក់ ហើយក៏កំពុងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ (ដូសទី៣ ដូសទី៤ និងដូសទី៥) ខណៈពេលដែលប្រជាជនកម្ពុជា កំពុងរៀនរស់នៅជាមួយវីរុសកូវីដ១៩ តាមបែបគន្លងប្រក្រតីភាពថ្មី និងបន្តប្រុងប្រយ័ត្ន អនុវត្តវិធានការ «៣ការពារ និង៣កុំ» ព្រមទាំងចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដើម្បីនិរន្តរភាព នៃដំណើរការប្រទេសឡើងវិញឱ្យបានយូរអង្វែង ទប់ស្កាត់ការហក់ផ្ទុះឡើងវិញនូវការចម្លងនៃវីរុសកូវីដ១៩។

ភាពជោគជ័យ នៃការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា ការគ្រប់គ្រងបានល្អនូវស្ថានភាពរាតត្បាតវីរុសកូវីដ១៩ និងការបើកដំណើរការប្រទេសឡើងវិញ ត្រូវបានវាយតម្លៃ និងចេញផ្សាយព័ត៌មាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយ Nikkei COVID-19 Recovery Index, Japan ដែលកម្ពុជា ត្រូវបានឈរលើលំដាប់លេខរៀងទី៤ ក្នុងចំណោមបណ្តាប្រទេស ១២១ នៅលើសាកលលោក និងឈរលើលំដាប់ទី១ ក្នុងចំណោមប្រទេសប្រចាំតំបន់អាស៊ាន។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍វិស័យសុខាភិបាល តាំងពីឆ្នាំ១៩៧៩ ដែលនៅពេលនោះ យើងកសាងវិស័យមួយនេះតាំងពីបាតដៃទទេ រហូតដល់មានប្រព័ន្ធសុខាភិបាល ដែលអាចឆ្លើយតបទៅនឹងតម្រូវការ នៃការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ បានជាច្រើន។

បច្ចប្បន្ននេះ ក្រសួងសុខាភិបាល ក៏កំពុងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍រដ្ឋាភិបាលឌីជីថល ដោយកំពុងតែបន្តជំរុញការងារសុខាភិបាលតាមបែបឌីជីថលនេះដែរ ដែលជាសរសៃឈាមដ៏សំខាន់មួយ ក្នុងចំណោមសរសៃឈាមផ្សេងទៀត ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ដាក់ចេញឲ្យអនុវត្តដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការជំរុញការអនុវត្តសុខាភិបាលឌីជីថល មានជាអាទិ៍ ប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងអ្នកជំងឺ គ្រប់គ្រងបច្ចេកទេស និងការអនុវត្តប្រព័ន្ធ Telemedicine ជាដើម។

ជាមួយគ្នានេះដែរ រៀនសូត្របទពិសោធន៍ពីការប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្រសួងក៏បានជំរុញការអនុវត្តបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ដែលជាមធ្យោបាយល្អ និងមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយការជំរុញនេះ នឹងនាំឲ្យមានការផ្តល់សេវាសុខភាពសំខាន់ៗ ខិតកាន់តែទៅជិតសហគមន៍ និងប្រជាជនដែលមានតម្រូវការ ជាពិសេសប្រជាជនក្រីក្រ និងក្រុមងាយរងគ្រោះ ស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤ ឆ្នាំ២០២៣-២០៣០ ដែលបានគូសបញ្ជាក់យ៉ាងច្បាស់អំពីការពង្រឹងភាពធន់នៃប្រព័ន្ធថែទាំសុខភាព និងការសម្រេចឲ្យបាននូវការគ្របដណ្តប់សុខភាពជាសកល។

លោកស្រី ឱ វណ្ណឌីន បានបន្តទៀតថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចគាំពារសុខភាពមាតា និងទារក ជំងឺឆ្លង ជំងឺមិនឆ្លង និងការពង្រឹងបន្ថែមទៀតនូវប្រព័ន្ធសុខាភិបាល ឲ្យកាន់តែមានទំនើបកម្ម និងតាមបែបឌីជីថល។ បើតាមលទ្ធផលអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាបានបង្ហាញថា ភាគរយស្ត្រីបានទទួលការថែទាំផ្ទៃពោះ សម្រាប់កំណើតរស់ ឬកូនស្លាប់កើតថ្មីៗបំផុត២ឆ្នាំ មុនអង្កេតបានកើនឡើងពី ៣៩% នៅឆ្នាំ ២០០០ ដល់ ៩៩% ក្នុងឆ្នាំ ២០២១-២០២២។ ភាគរយស្ត្រីដែលបានទទួលការថែទាំផ្ទៃពោះមុនសម្រាលចំនួន ៤ ដង ឬច្រើនដងបានកើនឡើងពី ៩% នៅឆ្នាំ២០០០ ដល់ ៨៦% ក្នុងឆ្នាំ ២០២១-២០២២។

សម្រាប់អត្រាមរណភាពទារកក៏បានថយចុះពី ១៨នាក់នៅឆ្នាំ ២០១៤ មកនៅ ៨នាក់ ក្នុងចំណោមទារកកើតរស់ ១០០០នាក់នៅឆ្នាំ ២០២១-២០២២ ខណៈអត្រាមរណភាពកុមារ អាយុក្រោម ១ឆ្នាំ បានថយចុះពី ២៨នាក់ នៅឆ្នាំ២០១៤ មកនៅ ១២នាក់ ក្នុងចំណោមទារកកើតរស់ ១០០០នាក់ នៅឆ្នាំ ២០២១-២០២២។ ចំណែកអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះពី ៣៥នាក់ នៅឆ្នាំ២០១៤ មកនៅ ១៦នាក់ ក្នុងចំណោមទារកកើតរស់ ១០០០នាក់ នៅឆ្នាំ២០២១-២០២២។

ក្នុងនាមក្រសួងសុខាភិបាល លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូ សុខាភិបាលទាំងអស់ អង្គការសង្គមស៊ីវិលនានា និងវិស័យឯកជន ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្រ្តសុខាភិបាលជាតិ ហើយក៏បានសំណូមពរឲ្យភាគីដៃគូទាំងអស់ដែលមានវត្តមាននាពេលនេះ និងដៃគូផ្សេងៗទៀត បន្តជួយលើការអភិវឌ្ឍវិស័យសុខាភិបាលជាបន្តទៀត ទាំងជំនួយបច្ចេកទេស និងថវិកា ជាពិសេសលើការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ២០២៣-២០៣០ និងការអនុវត្តការងារជំរុញការថែទាំសុខភាពបឋមនៅកម្ពុជា៕