(កំពង់ឆ្នាំង)៖ រដូវរំហើយឆ្នាំ២០២២នេះ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការប្រមូលផលស្រូវវស្សា នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ខណៈស្រូវស្រាលកំពុងទុំពេញស្រែ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរប្រជា កសិករជាច្រើនគ្រួសារកំពុងតែមមាញឹកក្នុងការចុះប្រមូលផលស្រូវស្រាល ដោយអ្នកខ្លះប្រើម៉ាស៊ីនច្រូតស្រូវ និងប្រជាកសិករខ្លះទៀតច្រូតស្រូវដោយប្រើកម្លាំងពលកម្មផ្ទាល់ខ្លួន ដែលមានសកម្មភាពនៅពាសពេញវាលស្រែ។ ក្នុងនោះដែរពួកគាត់ក៏មមាញឹកក្នុងការហាលរោយស្រូវច្រកដាក់បេដើម្បីយកទុកដាក់ដោយមិនមានទំនេរនោះឡើយ។

ជួបជាមួយគ្រួសារកសិករម្នាក់មានឈ្មោះ ជូរ សាក់ មានទីលំនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរៀបរាប់ប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំគាត់ធ្វើស្រែនៅលើផ្ទៃដីទំហំជាង១ហិកតា ក្នុងមួយឆ្នាំៗប្រមូលផលបានប្រមាណពី២ ទៅ ៣តោនដែរ កាលពីឆ្នាំទៅស្រូវសើម (ស្រូវទើបតែច្រូតហើយមិនទាន់ហាលស្ងួត តម្លៃលក់ចេញបានមួយគីឡូ ក្រាមថ្លៃ៩០០រៀល។ ចំណែកឆ្នាំនេះតម្លៃមិនសូវខុសគ្នាប៉ុន្មាននោះទេ តម្លៃនេះពួកគាត់ក៏បានសល់ខ្លះដែរ ដោយផាត់ទៅលើការចំណាយផ្សេងៗ និងទៅលើការច្រូត កាត់វិញអាចបានចំណេញសមល្មមគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ឆ្លៀតក្នុងឱកាសនេះដែរ ប្រជាកសិករជាអ្នកធ្វើស្រែចំការនៅក្នុងមូលដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំ ពោះការយកចិត្តទុកដាក់យ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងនាមជាកសិករ សូមចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីនាំគ្នាចូល រួមទប់ស្កាត់ជំងឺកូវីដ១៩ មិនឱ្យរាលដាលឆ្លងចូល ក្នុងសហគមន៍មូលដ្ឋានបានឡើយ។

បើតាមលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថា ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមប្រមូលផលស្រូវរដូវវស្សាជាបណ្ដើរៗហើយ ចំណែកឯទិន្នផលស្រូវឆ្នាំនេះគិតជាមធ្យម ៣,៨១៧តោន ក្នុងមួយហិកតា ឆ្នាំនេះដែរ ខេត្តកំពង់ឆ្នាំង ប្រជាកសិករសម្រេចធ្វើការដាំដុះស្រូវវស្សាបានចំនួន ១៣,៣៩២៧ហិកតា។

គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រជាកសិករប្រមូលផលបានចំនួន ២៦,៧២១ហិកតាហើយ ក្នុងនោះស្រូវស្រាលប្រមូលផលបានចំនួន ២១,០៩៧ហិកតា ដោយទទួលបានទិន្នផល ៣,៩២៥តោន ក្នុង១ហិកតា ស្រូវកណ្ដាលប្រមូលផលបានចំនួន ៥,៦២៤ហិកតា ដោយទទួលបានទិន្នផល ៣,៤១៤តោន ក្នុង១ហិកតា។

ប្រធានមន្ទីរកសិកម្ម បានបន្តថា ចំពោះតម្លៃស្រូវក្នុងសប្តាហ៍នេះ សម្រាប់ស្រូវចម្រុះស្ងួតជា មធ្យមថ្លៃ៩៨០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២១ ចំនួន២០រៀល ក្នុង១គីឡូក្រាម។ស្រូវក្រអូបស្ងួតតម្លៃ១,១៩០រៀល ក្នុង១គីឡូក្រាម។

លោក ងិន ហ៊ុន បានបញ្ជាក់ថា ឆ្នាំនេះនៅតាមបណ្ដាស្រុកមួយចំនួនជាប់មាត់ទន្លេដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខាងមន្ទីរកសិកម្មបានយកចិត្តទុកដាក់ផ្ដល់ពូជស្រូវ និងពូជបន្លែបង្ការផ្សេងៗជូនដល់ពួកគាត់ ដើម្បីត្រៀមបង្កបង្កើនផលនូវរដូវសម្រកនេះ។ ខាងមន្ទីរកសិកម្ម ក៏បានជំរុញឱ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំព្រមទាំងដាំបន្លែបង្ការផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពក្នុងគ្រួសារដោយមន្ទីរបានផ្ដល់ពូជនឹងជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសក្នុងការដាំដុះដល់ពួកគាត់ទៅតាមតម្រូវការរបស់ពួកគាត់ផងដែរ៕