(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីចាត់ការមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន, បិទវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាញការពារព្រំដែនជំនាន់ទី៧ និងបើកវគ្គបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី៨។

លោកឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ នាយកនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន បានឲ្យដឹងថា អគារទីចាត់ការដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់មានទំហំ១៣ម៉ែត្រ គុណ៤០ម៉ែត្រ មានកម្ពស់ពីរជាន់ ជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម។

លើការងារហ្វឹកហ្វឺនលោកឧត្ត​សេនីយ៍ទោ ចាន់ សារ៉ាន់ បានរាយការណ៍អំពីដំណើរការហ្វឹកហ្វឺនវគ្គបណ្ដុះបណ្ដាលនាយទាហានរងជំនាន់ទី៧ ដែលត្រូវបិទវគ្គនាពេលនេះ មានសិក្ខាកាមហ្វឹកហ្វឺន១២០នាក់ និងបានត្រៀមបើកវគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាញការពារព្រំដែនជំនាន់ទី៨ ដែលមានសិក្ខាកាមហ្វឹកហ្វឺនសរុប ៩០នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា ការងារហ្វឹកហ្វឺនមានតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់ជំនាញ ក្នុងនោះកិច្ចការពារព្រំដែនទាមទារប្រមូលផ្តុំប្រភពធនធានមនុស្ស ប្រកបដោយគុណភាព មានឆន្ទៈ មនសិការស្នេហាជាតិ មានលក្ខណៈសម្បត្តិល្អ ស្គាល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រ ប្រវត្តិសាស្ត្រភាសា និងការងារបរទេស យល់ដឹងផ្នែកច្បាប់ ផែនទី និងមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់ផ្នែក ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅតំបន់ព្រំដែន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទើបតែបញ្ចប់វគ្គ ត្រូវយកចំណេះដឹងដែលបានពីការសិក្សា ទៅជាការអនុវត្តជាក់ស្ដែងនៅអង្គភាព និងផ្តាំផ្ញើដល់សិក្ខាកាមបំប៉នជំនាញការពារព្រំដែនជំនាន់ទី៨ ដែលនឹងចាប់ផ្តើមសិក្សា ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងយកចិត្តទុកដាក់សិក្សាលើមុខជំនាញ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជា ដែលគ្របដណ្ដប់ដោយសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ការគ្រប់គ្រងបានលើស្ថានភាពជំងឺកូវីដ-១៩ និងឈានទៅស្ដារសេដ្ឋកិច្ចជាតិឡើងវិញជាបណ្តើរៗ ធានាបានល្អជីវភាពរបស់ប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ បានលើកឡើងពីការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥កន្លងទៅ ទទួលបានជោគជ័យប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ជាពិសេសភាពជោគជ័យកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជាទីមោទនភាពធំធេងរបស់ជាតិ។

ពាក់ព័ន្ធដល់ការសម្ពោធអគារ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពប្រជាជនវៀតណាម ដែលតែងបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាជាបន្តបន្ទាប់ ដើម្បីរួមចំណែកអភិវឌ្ឍ ពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកបានចាត់ទុកលទ្ធផលផ្លែផ្កាថ្មីនេះ កើតចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ការងារហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ដែលបានសហការល្អជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ទីចាត់ការហ្វឹកហ្វឺន និងស្ថាប័នពាក់ព័ន្ធក្នុងការកែលម្អកម្មវិធីសិក្សា ខ្លឹមសារមេរៀន សម្ភារៈឧបទេស និងបានដំណើរការដោយជោគជ័យតាមផែនការកំណត់។ នាយឧត្តមសេនីយ៍ បានកោតសរសើរដល់យោធាចារ្យ និងសិក្ខាកាម ដែលបានខិតខំបង្ហាត់បង្រៀនតាមមុខជំនាញ និងទទួលបាននិទ្ទេសល្អ ឆ្លើយតបបានតាមសំណូមពរ ដែលជាកត្តាអទិភាពដល់កំណែទម្រង់របស់កងយោធពលខេមរភូមិន្ទលើការកសាងធនធានមនុស្ស៕