(បន្ទាយមានជ័យ​)​៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយសជូនមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងពិការត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២ សរុបចំនួន១១រូប ដែលចូលនិវត្តន៍តាមប្រព័ន្ធវីដេអូ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​, មេបញ្ជាការរង​ លោកនាយសេនាធិការរង​ ប្រធានមន្ទីរទាំង៧​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង-ស្រុកទាំង៩​ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានរំឮកពីវរៈភាពដ៏អង់អាចក្លាហានរបស់យោធិន នៃកងរាជអាវុធហត្ថខេត្ត ចូលសោធននិវត្តន៍ និងពិការ​ ដែលបានពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានបញ្ជាក់ថា​ ដោយមានការយកចិត្តទុក្ខដាក់ពីនាយឧត្តមសេនីយ៍ សៅ សុខា​ បេីទោះជាបីជាបងប្អូនយោធិនចូលនិវត្តន៍យ៉ាងណាក៏ដោយ​ ក្នុងនាមអាវុធហត្ថ​នៅតែជាគ្រួសារតែមួយ​ និងនៅបន្តគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ដោយមិនទុកបងប្អូនចោលឡេីយ។

បន្ទាប់ពីបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ចំនួន០៨រូប និងពិការ​ចំនួន០៣រូប នាយឧត្តមសេនីយ៍ សៅ សុខា​ ក៏បានឧបត្ថម្ភ​ថវិកាលេីកទឹកចិត្ត​ជូនយោធិន​ក្នុងម្នាក់៥០ម៉ឺនរៀល​ ព្រមជាមួយគ្នានោះចំពោះយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ​ នៅក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត​បន្ទាយមានជ័យទាំង១១រូប​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានចូលរួមឧបត្ថម្ភថវិកាលេីកទឹកចិត្ត​ក្នុងម្នាក់​៤០ម៉ឺនរៀល​ផងដែរ៕