(ភ្នំពេញ)៖​ កងពលតូចលេខ៧០ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ ​ធ្វើឡើងក្រោមអធិបតីភាព​ ឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ មេបញ្ជាការរងកងទ័ពជើងគោក​ មេបញ្ជាការកងពលតូចលេខ៧០​ តំណាងលោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​ នាព្រឹកថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅទីបញ្ជាការកងពលតូចលេខ៧០។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ បានថ្លែងថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកមេបញ្ជាការកងពល​ បានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់​ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច។

សូមបញ្ជាក់ថា ក្រៅពីការបំពាក់ឋានន្តរស័កិ្ត​ និងមេដាយ លោកឧត្ដម​សេនីយ៍ឯក ហ៊ុន ម៉ាណែត​ ក៏បានឧបត្ថមជូនដល់យោធិនចូលសោធននិវត្តន៍ នូវថវិកា​ និងគ្រឿងឧបភោគ​ បរិភោគផង​ដែរ៕