(ព្រះវិហារ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២
បានប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសាខា និងអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី៥ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីនេះក៏បានអញ្ជើញចូលរួមពីលោក មាស សុភា ប្រធានកិត្តិយសសាខា និងគណៈកិត្តិយស គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាក្រុងស្រុក អ្នកស្ម័គ្រចិត្ត សរុប ២១៦នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងពិធីនោះ បានប្រកាសទទួលស្គាល់ លោក ប្រាក់ សុវណ្ណ អនុប្រធានកិត្តិយស និងលោក គីម រិទ្ធី ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី៥។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បានធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖
១៖ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
២៖ យកចិត្តទុកដាក់អនុវត្តគោលការណ៍លក្ខណៈវិនិឆ្ឆ័យសាខា
៣៖ រក្សាសាម្គីភាពផ្ទៃក្នុងជួរគណៈកម្មាធិការសាខា និងគណៈកិត្តិយសសាខា ឯកភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤៖ ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខា អនុសាខាឱ្យអនុវត្តការងារស្របតាមយុទ្ធសាស្ត្រ របស់កាកបាទក្រហមកម្ពុជា (២០២១-២០៣០)។
៥៖ បង្កើតគំនិតក្នុងការកៀរគររកមូលនិធិ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើឱ្យការងារមនុស្សធម៌របស់សាខា ។
៦៖ យកចិត្តទុកដាក់ពង្រឹងពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន។
៧៖ បន្តសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ននានា អង្គការជាតិ-អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ រួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំព្រះបណ្តាំផ្ញើពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនអង្គពិធីទាំងមូល ប្រកបដោយមនោសច្ចេតនា ការនឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះ ស្មារតី និងការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំសាខាកន្លងមកទទួលបានជោគជ័យ។

បន្ទាប់ពីប្រកាសរួច លោកស្រី ពុំ ចន្ទីនី និងប្រធានគណៈកម្មាធិការសាខា បានបន្តដឹកនាំប្រជុំតម្រង់ទិសគណៈកម្មាធិការសាខា-អនុសាខា និងផ្តល់អនុសាសន៍ណែនាំសំខាន់មួយចំនួនមានជាអាទិ៍៖
១៖ ត្រូវបំពេញការងារស្របទៅតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា (២០២១-២០៣០)។
២៖ ផ្តួចផ្តើមគំនិតរកប្រភពចំណូល និងបង្កើតចំណូលចូលមូលនិធិសាខា និងអនុសាខា ។
៣៖ ត្រូវធានាបានលើការគ្រប់គ្រងការងារហិរញ្ញកិច្ចរបស់សាខាឱ្យមានគណនេយ្យភាព តម្លាភាព ទៅតាមទម្រង់ការហិរញ្ញវត្ថុ​ ។
៤៖ បន្តខិតខំប្រឹងប្រែងធ្វើការងារក្នុងស្មារតីជាក្រុម សាមគ្គីភាព ឯកភាព និងជួយគ្នាទៅវិញទៅមក រវាងគណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខា និងអនុសាខា។
៥៖ បន្តការងារអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត។
៦៖ បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងខេត្ត និងបន្តធ្វើការងារឥស្សរជនឆ្នើមឱ្យដូចភ្លៀងរលឹម។
៧៖ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕