(កំពង់ធំ)៖ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនបឹងទន្លេសាប ជាបន្តបន្ទាប់ដូចភ្លៀងរលឹម។

ជាក់ស្តែងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ នៅដែនបឹងទន្លេសាបក្នុងខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ ជាលទ្ធផលទទួលបាន ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង លោក ម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

កម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទខុសច្បាប់ (ឆ្នុកប្រើភ្លើងរួមផ្សំ) នៅនឹងកន្លែងរួមមាន៖ សាច់ឆ្នុកក្រឡាញឹកទំហ៊ំ (១៦ម៉ែត្រ គុណ១៦ម៉ែត្រ គុណ២០ម៉ែត្រ គុណ១៥សង់ទីម៉ែត្រ) ចំនួន០២វង់ អាគុយ១២V ចំនួន៦គ្រឿង ដុំភ្លើងចំនួន៤គ្រឿង អំពូលម៉ែត្រចំនួន២គ្រឿង ខ្សែភ្លើងប្រវែង៣០ម៉ែត្រ បង្គោលឬស្សីចំនួន២៤ដើម ខ្សែលីឡុងប្រវែង ៣០០ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ថ្ងៃនេះប្រចាំការនៅកន្លែង៕