(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រគល់ប្រាក់ធានារ៉ាប់រងសង្គមប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកជូនដល់ដៃគ្រួសារសពនិវត្តជនបាត់បង់សមត្ថភាពការងារនិងជនពិការចំនួន១៧នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយបុព្វហេតុជាតិមាតុភូមិ។ ការប្រគល់នេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានថ្លែងនូវការដឹងគុណចំពោះគ្រួសារអតីតយុទ្ធជនដែលបានធ្វើពលីកម្មការពារជាតិនិងទឹកដី។ តបនឹងគុណបំណាច់របស់គ្រួសារអតីតយុទ្ធជននេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់របបឧបត្ថម្ភជារៀងរាល់ខែ ហើយពេលអតីតយុទ្ធជនទទួលមរណភាពបានផ្តល់ជាប្រាក់ឧបត្ថម្ភសម្រាប់បូជាសពជូនដល់គ្រួសារអតីតយុទ្ធជនថែមទៀត។ ជាក់ស្តែងដូចជាថ្ងៃនេះ គ្រួសារអតីតយុទ្ធជនចំនួន១៧គ្រួសារ ក្នុងនោះគ្រួសារជនពិការចំនួន៥គ្រួសារ និងគ្រួសារនិវត្តជន១២គ្រួសារ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភម្តងគត់ ប្រាក់បូជាសព និងប្រាក់មរណសង្គ្រោះពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិអតីតយុទ្ធជនដែលមានទឹកប្រាក់សរុប១២០,៥៣៤,៤៤០រៀល ដែលថវិកានេះទទួលមិនបានដូចគ្នានោះទេគឺទទួលបានទៅឋានន្តរសក្តិ និងតួនាទី និងអ្នកចាស់ អ្នកថ្មី។

អភិបាលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ថា អតីតយុទ្ធជនគឺជាក្រុមជនដែលមានគុណបំណាច់ចំពោះជាតិមាតុ​ភូមិ ជានិមិត្តរូបនៃស្មារតីលះបង់ ពលីកម្មដើម្បីជាតិនិងជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ហើយពួកគាត់ត្រូវបានចារិកទុកនូវគំរូវីរៈភាពដ៏ឧត្តុង្គឧត្តមសម្រាប់យុវជនគ្រប់ជំនាន់។ ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់អតីតយុទ្ធជនត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ស័ក្ដិសមបំផុតពីប្រជាជន និងសង្គមជាតិទាំងមូល។ ភាពមានបាននិងភាពហ៊ឺហារបស់ប្រទេសជាតិសព្វថ្ងៃនេះគឺជាចំណែកមួយដែលបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ រួមទាំងអាយុជីវិតផងរបស់យុទ្ធជនកម្ពុជាទាំងអស់នោះ។

ជាមួយនេះដែរ អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនត្រូវបានធ្វើបច្ចុប្បន្នភាពនិងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌​មានវិទ្យាដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសសុខសង្គមប្រចាំខែដែលកំពុងអនុវត្តជាមួយធនាគារដៃគូ នៅទូទាំង២៥រាជធានី-ខេត្តនិងបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ។

ទន្ទឹមនោះរាជរដ្ឋាភិបាលក៏បានផ្តល់ប័ណ្ណថែទាំសុខភាព (ប.ស.ស) ជូនជនពិការ និវត្តជននិងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលីនិងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់ឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ការគិតគូរដល់មន្ត្រីចូលនិវត្តន៍នេះមិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់ពួកគាត់ដែលមានវ័យចាស់នោះទេ តែក៏បានផ្តល់កម្លាំងចិត្តដល់មន្ត្រីរាជការជំនាន់ក្រោយ ដែលនឹងចូលនិវត្តន៍នៅថ្ងៃអនាគតរឹតតែខិតខំធ្វើការបម្រើជាតិមាតុភូមិឱ្យអស់ពីកម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភពីបញ្ហាជីវភាពពេលចូលនិវត្តន៍នៅថ្ងៃខាងមុខផងដែរ៕