(ភ្នំពេញ)៖ នៅយប់ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញសារថ្មីមួយទៀតបញ្ជាក់ពីសុខភាពរបស់សម្តេចក្រោយឃើញវិជ្ជមានកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ២៤ម៉ោង បន្ទាប់ពីសារដែលបានផ្ញើចេញម្សិលមិញ រហូតមកដល់ពេលនេះសុខភាពរបស់សម្តេចនៅតែធម្មតា។

នៅក្នុងសារនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា អ្វីដែលធ្វើឱ្យសម្តេចកាន់តែរីករាយនោះ គឺមកដល់ម៉ោងនេះ មិនមានមេដឹកនាំបរទេសដែលចូលរួមកិច្ចប្រជុំនៅកម្ពុជា មានការរកឃើញវិជ្ជមានកូវីដ១៩នោះទេ។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ដូច្នេះអាចបញ្ជាក់បានថា កម្ពុជា បានទទួលភ្ញៀវដោយសុវត្ថិភាពទាំងសន្តិសុខ និងបញ្ហាទាក់ទងជាមួយនឹងជំងឺឆ្លងក៏ដូចជាបរិយាកាសដទៃទៀត ដែលផ្តល់អំណោយផលសម្រាប់កម្ពុជាទទួលបានជោគជ័យនៅក្នុងការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានតេស្តរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ពេលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ សម្តេចតេជោ ក៏បានសម្រេចដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជា។

ទោះបីជាយ៉ាងណា គណៈប្រតិភូអមដំណើរសម្តេចតេជោសរុបប្រមាណជា ៤០នាក់ ធ្វើតេស្តមិនមានវិជ្ជមានកូវីដ១៩នោះឡើយទាំងតេស្តរហ័ស និងជាមួយម៉ាស៊ីន PCR៕