(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់ឱ្យយោធិននៃកងរាជអាវុធហត្ថចំនួន១៣៦នាក់នៅទូទាំងប្រទេសចូលនិវត្តន៍ ក្នុងនោះក៏មានយោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៩នាក់ផងដែរ រួមជាមួយការសំណេះសំណាល និងមានឧបត្ថម្ភមួយចំនួនពីសំណាក់ថ្នាក់លើ។

ពិធីដាក់ឱ្យចូលនិវត្តន៍នេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធ Video Conference រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ ដោយមានការសំណេះសំណាលក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

យោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២នេះ មានចំនួន៩នាក់ បានចូលរួមតាម Video Conference ចេញពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្តាប់ប្រសាសន៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមគ្នាជាមួយយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការតាមបណ្តាខេត្តទាំង២៤ទៀត។

ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា សំណេះសំណាលចប់ មេបញ្ជាការតាមបណ្តារាជធានី/ខេត្តបានបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការក្រោមឱវាទរៀងៗខ្លួន ព្រមទាំងផ្តល់ជូននូវសម្ភារៈ ថវិកាមួយចំនួនផងដែរ។

សម្រាប់យោធិនសោធននិវត្តន៍ និងពិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងម្នាក់ៗទទួលបានអំណោយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនូវថវិកា៥០ម៉ឺនរៀល ទឹកបរិសុទ្ធ២កេស ភេសជ្ជៈ២កេស៕