(ភ្នំពេញ)៖ និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) ត្រូវបានដាក់ឱ្យប្រើប្រាស់ហើយ ដើម្បីបញ្ជាក់លើគុណភាព សុវត្ថិភាពផល ផលិតផលជលផលកម្ពុជា អនុលោមតាម តម្រូវការស្តីពីសុវត្ថិភាពម្ហូបអាហារ។ ការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា CQS ក្នុងគោលដៅរួមចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកផ្សារកាន់តែប្រសើរសម្រាប់ផលិតផលជលផលរបស់កម្ពុជា។

ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដើម្បីលើកកម្ពស់ការអនុវត្តអនាម័យល្អ សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាព ក៏ដូច
ជាបន្ថែមតម្លៃដល់ផល ផលិតផលជលផលនៅកម្ពុជា។ សម្រាប់ផល ផលិតផលជលផលកម្ពុជា នេះគឺប្រព័ន្ធទទួលស្គាល់ដំបូងគេ ឈរលើមូលដ្ឋាន តម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេសបង្កើតឡើង ដើម្បីលើកកម្ពស់ការអនុវត្តសុវត្ថិភាពម្ហូបអាហារនៅក្នុងអនុវិស័យ ជលផលក្រោយប្រមូលផលឱ្យបានកាន់តែប្រសើរ។

នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) របស់រដ្ឋបាលជលនឹងទទួលបន្ទុកផ្តល់សេវាចេញវិញ្ញាបនបត្រ CQS ក្រោមជំនួយបច្ចេកទេសពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ដែលទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU)។ សហគ្រាសកែច្នៃ ទូកនេសាទ ផែបែងចែកផលជលផល អ្នកចែកចាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកលក់រាយដូចជាផ្សារទំនើប និងមីនីម៉ាត មានសិទ្ធិ ដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្រ CQS បាន។

ថ្វីបើកម្ពុជាជាប្រទេសនាំចេញផលផលិតផលជលផលដ៏សំខាន់មួយក៏ដោយ តែប្រទេសនេះ នៅតែមិនទាន់អាចផ្តល់តម្លៃបន្ថែម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលខ្លួន ដើម្បីឈានចូលទៅកាន់ទីផ្សារឱ្យបានកាន់តែប្រសើរឡើងនៅ ឡើយទេ។ យើងអាចមើលឃើញថា ការរួមចំណែកទៅក្នុងការនាំចេញរួមរបស់កម្ពុជា ពីវិស័យជលផលនៅមានកម្រិតតិចតួច នៅឡើយ។

ចន្លោះប្រហោងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារនៅក្នុងខ្សែច្រវាក់តម្លៃជលផលទាំងមូល ជាកត្តាមួយដែលប្រទេសនាំចូលពុំមានជំនឿគ្រប់គ្រាន់ ថាប្រព័ន្ធគ្រប់គ្រងគុណភាពរបស់កម្ពុជា អាចធានាបាននូវការផ្គត់ផ្គង់ផល ផលិតផលជលផល ដែលមានសុវត្ថិភាព និងគុណភាពល្អសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសនាំចូល។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដាក់ឱ្យដំណើរការជាផ្លូវការ CQS គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ដែលសង្ឃឹមថា នឹងជួយគាំទ្របន្ថែមដល់ឧស្សាហកម្មនេសាទ ជាពិសេសសហគ្រាសកែច្នៃផលជលផលអាចពង្រីកអាជីវកម្មរបស់ខ្លួនឱ្យឆ្លើយតប និងបំពេញបានតាមតម្រូវការសុវត្ថិភាពម្ហូបអាហាររបស់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល បានគូសបញ្ជាក់ថា ភាពជោគជ័យក្នុងការអនុវត្តប្រព័ន្ធវិញ្ញាបនបត្រ CQS នឹងជួយលើកតម្កើងស្លាកយីហោជាតិកម្ពុជា តាមរយៈការទទួលស្គាល់ គុណភាព និងសុវត្ថិភាពផលិតផលដែលមានប្រើនិមិត្តសញ្ញា CQS ដែលនឹងជំរុញភាពប្រកួតប្រជែងរបស់ផលិតផលជលផលកម្ពុជា។

លោក ពុំ សុថា បានគូសបញ្ជាក់ដូច្នេះ «យើងរំពឹងទុកថា វានឹងរួមចំណែកជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលកម្ពុជាជាលក្ខណៈអន្តរជាតិ រួមទាំងការពារសុខភាពសាធារណៈផងដែរ»

សហគ្រាសកែច្នៃផលជលផលកំពុងប្រឈមឧបសគ្គ និងភាពទន់ខ្សោយមួយចំនួនដូចជា កង្វះខាតជំនាញ និងបច្ចេកវិទ្យាកែច្នៃ បរិក្ខារ ទីតាំង និងបច្ចេកវិទ្យាប្រើប្រាស់ក្នុងផលិតកម្មនៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធគ្មានគុណភាព ភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់វត្ថុធាតុដើម រួមទាំងបញ្ហាពាក់ព័ន្ធទៅនឹងសុវត្ថិភាពម្ហូបអាហារ។ បន្ថែមលើនេះ សាកលភាវូបនីយកម្ម ក៏កត្តាមួយដែលជំរុញឱ្យមានការប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ហើយដើម្បីបង្កើនភាពប្រកួតប្រជែង របស់ខ្លួនសហគ្រាសទាំងនោះ ចាំបាច់ត្រូវអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោក មៀវ សុខគ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA) បានមានបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់ចូលរួម និងគាំទ្រដល់ប្រព័ន្ធវិញ្ញាបនបត្រ CQS ដើម្បីកសាងម៉ាកសញ្ញាជាតិ សម្រាប់ផល ផលិតផលជលផលកម្ពុជា។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធ CQS នឹងជួយលើកកម្ពស់និងការពារកេរ្តិ៍ឈ្មោះសហគ្រាសពីការ ប្រមូលផលិតផលត្រលប់មកវិញដោយសារបញ្ហាសុវត្ថិភាព ក៏ដូចជាការខាតបង់ផ្នែកហិរញ្ញវត្ថុផងដែរ»។

លោកបន្តថា ប្រព័ន្ធ CQS អាចចូលរួមកសាងទំនុកចិត្តអតិថិជន និង បង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេស។ ប្រព័ន្ធ CQS នឹងជួយឱ្យសហគ្រាសមានភាពប្រកួតប្រជែងកាន់តែខ្ពស់ប្រាក់ចំណេញច្រើន និរន្តភាពយូរអង្វែង។

សូមបញ្ជាក់ថា CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ដើរតួជាវិធានការបណ្តោះអាសន្នមុននឹងឈានទៅ ដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការលើសុវត្ថិភាពម្ហូបអាហារ។ ប្រព័ន្ធនេះតម្រូវឱ្យរាល់ប្រតិបត្តិការជលផល អនុវត្តឱ្យបាន តម្រូវការអប្បបរមាផ្នែកសុខភាពនិងអនាម័យ។ប្រព័ន្ធដើរតួជាឧបករណ៍ទំនាក់ទំនងក្នុងចំណោមតួអង្គសំខាន់ៗក្នុងខ្សែចង្វាក់តម្លៃជលផលឆ្ពោះទៅរកការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ការពារសុខភាពសាធារណៈ លើកកម្ពស់លទ្ធភាពចូលទៅកាន់ទីផ្សារ និងការនាំចេញ។

ដើម្បីអនុវត្តប្រព័ន្ធវិញ្ញាបនបត្រ CQS គម្រោងបានជ្រើសរើសក្រុមហ៊ុន Peterson Projects & Solutions ឱ្យអនុវត្ត កិច្ចការនេះ ដែលក្នុងនោះរួមមាន៖ ១) រៀបចំបង្កើតប្រព័ន្ធវិញ្ញាបនបត្រ CQS ឱ្យក្លាយជា ឧបករណ៍បញ្ជាក់ពី សុវត្ថិភាពម្ហូបអាហារដាក់ឱ្យរដ្ឋបាលជលផល (FiA) ប្រើប្រាស់ និង២) បង្វឹក និងបណ្តុះបណ្តាលវិស័យឯកជន ឱ្យអនុវត្ត CQS នៅក្នុងប្រតិបត្តិការរបស់ខ្លួន និងផ្តល់ការគាំទ្រលើការរៀបចំឯកសារនិងកសាងសមត្ថភាព។

សហគ្រាសកែច្នៃផលជលផលចំនួន២៨ កំពុងអនុវត្តគ្រោងការណ៍នេះ តាមរយៈ កម្មវិធីគាំទ្រសហគ្រាសជលផល ខ្នាតតូច និងមធ្យម (VCIS) របស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ហើយផលិតផលដែលមាននិមិត្តសញ្ញា CQS នឹងមានលក់នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះ។ សូមរកមើលស្លាកសញ្ញា CQS ដើម្បីទទួលបាន ផលិតផល ជលផល ដែលមាន សុវត្ថិភាព និងគុណភាពខ្ពស់។

សូមបញ្ជាក់ដែរថា ការរួមចំណែករបស់វិស័យជលផល និងវារីវប្បកម្មដល់ផលិតផលសរុបក្នុងស្រុក (GDP) មានប្រហែល ៥.៥០ភាគរយ។ ប្រជាជនកម្ពុជាប្រហែល ៣លាននាក់ (២០%នៃប្រជាជនសរុប) ពឹងផ្អែកដោយផ្ទាល់លើផលជលផលជាអាហារ និងប្រកបរបរចិញ្ចឹមជីវិត។

នៅក្នុងពិភពលោក ប្រជាជនកម្ពុជា ទទួលទានត្រីជាអាហារខ្ពស់ជាងគេ ប្រមាណ ៥៧.៣គីឡូក្រាម/នាក់ ក្នុងមួយឆ្នាំ ខណៈឆ្នាំឆ្នាំ២០១១ ការទទួលទានត្រីជាអាហារខ្ពស់បំផុត គឺបរិភោគចំនួន ៦៣,២ គីឡូក្រាម/ម្នាក់ ក្នុងមួយឆ្នាំ៕