(ព្រះសីហនុ)៖ នាយឧត្តមសេនីយ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ និងលោក គួច ចំរើន អភីបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងព្រះសីហនុ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្នងការនគរបាលខេត្ត មេបញ្ជាការសឹករងព្រះសីហនុ និងមេបញ្ជា
ការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

អភិបាលខេត្តព្រះសីហនុ បានអបអរសាទរអស់លោក លោកស្រី បានប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការចួលរួមដឹកនាំចាត់ចែងអនុវត្តតាមតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយមន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ បានល្អប្រកបដោយមនសិការវិជ្ជាជីវមានការទទួលខុសត្រូវខ្ពស់រួមគ្នាសម្រេចបាននូវសមិទ្ធផលនឹងស្នាដៃថ្មីៗបន្ថែមទៀត ពិសេស ប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យបាល និងវះកាត់» និងបានវចនាពីរ គឹ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ។

អភិបាលខេត្ត បានផ្តាំផ្ញើដល់នាយ នាយរង ពលនគរបាលទើបតែងតាំងថ្មីត្រូវ៖

*ទី១៖ រួមសាមគ្គីជាធ្លុងមួយ ដើម្បីការពារសន្តិភាព ទោះត្រូវលះបង់ដោយតម្លៃណាក៏ដោយត្រូវពុះពារឧបសគ្គការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ
*ទី២៖ ខិតខំពង្រឹងនូវខឿនសន្តិសុខជាតិ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់ និងបញ្ចៀសនូវអំពើភេរវកម្ម វិច្ឆេទកម្ម និងបង្កាបង្ក្រាបឱ្យបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ
*ទី៣៖ លើកកម្ពស់ការទទួលខុសត្រូវក្នុងការធានាគ្រប់គ្រងសភាពការណ៍ក្នុងភូមិសាស្ត្រ ផ្តោតលើសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងដោះស្រាយទំនាស់នានានៅមូលដ្ឋាន ជំរុញអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏ដូចជាយុទ្ធនាការនានារបស់រាជរដ្ឋាភិបាលសំដៅកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ
*ទី៤៖ បន្តរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។
*ទី៥៖ ជំរុញអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាលឱ្យបានផុលផុស។

នាយឧត្តមសេនីយ ប៉ែន វិបុល បានណែនាំថា កងកម្លាំងនគរបាលត្រូវបន្តការរក្សាសន្តិសុខ សុវត្ថិភាពស្របតាមការអភិវឌ្ឍរីកចម្រើន ពិសេសទប់ស្កាត់គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។លោកថា «យើងជាកងកម្លាំង មានភារកិច្ចបង្ការទប់ស្កាត់រាល់បទល្មើសនានាប្រកបដោយជោគជ័យ ទោះបីយើងអត់មានឧបករណ៍ទំនើប។ កត្តាជោគជ័យរបស់យើងប្រកបដោយការទទួលខុសត្រូវ ការដំឡើងឋានន្តរស័ក្តិ យើងមិនអាចធ្វើបានគ្រប់គ្នានោះទេ សង្ឃឹមថា យើងបន្តបេសកម្មរបស់យើងឱ្យទទួលបានជោគជ័យបន្ថែមទៀត»

ទន្ទឹមនោះ នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណអភិបាលខេត្ត ដែលបានផ្តល់ឱវាទល្អៗសម្រាប់មន្ត្រីនគរបាលរបស់យើង ក្នុងការចូលរួមបំពេញការងារតាមតួនាទីភារកិច្ចក្នុងអង្គភាព ក៏ដូចជាធ្វើសេនាធិការឱ្យគណៈបញ្ជាការឯកភាពខេត្តកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត៕