(ប៉េកាំង) ៖ កញ្ញា សេង ចាន់មុល្លិកា អនុប្រធានក្រុមការងារ ភាសាអង់គ្លេសរបស់សារព័ត៌មាន Fresh News បានបញ្ចប់ការសិក្សា ប្រកបដោយជោគជ័យលើផ្នែកទំនាក់ទំនង និងការសិក្សាអំពីវឌ្ឍនភាព នៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីប្រគល់សញ្ញាបត្រត្រូវបានធ្វើឡើងនាដើមខែវិច្ឆិកានេះ​នាសាកលវិទ្យាល័យ រិនមីន (Renmin University) ដែលជាសាកលវិទ្យាល័យសារព័ត៌មានដ៏ល្បីល្បាញប្រចាំទីក្រុងប៉េកាំង។

កញ្ញា មុល្លិកា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន China Asia Pacific Press Center 2022 រយៈពេល ៦ខែ រៀបចំដោយមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន។

កញ្ញាបានទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់លើប្រធានបទធំៗសំខាន់ៗមួយចំនួនរួមមាន ការលុបបំបាត់ភាពក្រីក្រ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន វឌ្ឍនភាពបច្ចេកវិទ្យា ការវិវត្តនៃប្រព័ន្ធអេកូឡូស៊ី កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសដទៃ ព្រមទាំងការរួមចំណែករបស់ចិន លើកិច្ចគាំពារសង្គម និងបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ។

កំឡុងពេលសិក្សា កញ្ញាបានយល់ដឹងយ៉ាងទូលំទូលាយអំពីប្រទេសចិន រួមមានឥទ្ធិពលនៃសេដ្ឋកិច្ចយក្ស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន និងប្រទេសជាមិត្ត ក៏ដូចជាអំណាចនៃបច្ចេកវិទ្យាដែលមានផលប៉ះពាល់យ៉ាងក្លាំងក្លាលើការកសាងសហគមន៍មួយ ប្រកបដោយសន្តិភាព ភាពចុះសម្រុងគ្នា និងក្តីស្រមៃរួម ក្នុងយុគសម័យសកលភាវូបនីយកម្មនេះ។

កញ្ញា មុល្លិកា លើកឡើងថា «ខណៈពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងសកម្ម ការសិក្សានេះ បានឆ្លុះបញ្ចាំងអំពីតថភាពនៃប្រទេសចិន និងការអភិវឌ្ឍដ៏លឿនរហ័សរបស់ចិន ពិសេសដំណើរឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ ដែលជាភាពជោគជ័យដ៏ធំក្នុងប្រវត្តិសាស្ត្រជាង ១០០ឆ្នាំរបស់ចិនកន្លងមក»។

កញ្ញា មុល្លិកា ក៏ទទួលបានការបង្ហាត់បង្រៀនលើភាពជាអ្នកដឹកនាំ ទំនាក់ទំនងសាធារណៈ និងការប្រើប្រាស់ទំនើបកម្មបច្ចេកវិទ្យា ដើម្បីបម្រើដល់វិស័យសារព័ត៌មាន និងក្នុងទំនាក់ទំនងផ្សេងៗដែលមានសារៈសំខាន់ខ្លាំងចំពោះបុគ្គល និងស្ថាប័នទាំងពេលបច្ចុប្បន្ន និងអនាគត។

ក្នុងនាមបុគ្គលិក Fresh News កញ្ញា មុល្លិកា សូមថែ្លងអំណរគុណអគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា ដែលបានផ្តល់ឱកាសដ៏កម្រនេះដល់នាង។ កញ្ញា ប្តេជ្ញាយកចំណេះ និងជំនាញទទួលពីវគ្គបណ្តុះបណ្តាលអាជីពសារព័ត៌មាននៅទីក្រុងប៉េកាំង មកចែករំលែកជាមួយមិត្តរួមការងារ និងកសាង Fresh News ឱ្យតែកាន់ឈានមុនថែមមួយកម្រិតទៀត។

សូមជម្រាបថា កញ្ញា មុល្លិកា បានបម្រើការងារឱ្យបណ្តាញព័ត៌មាន Fresh News ជិត៥ឆ្នាំហើយ បើបូករួមទាំងបទពិសោធន៍ក្រៅម៉ោង។ កញ្ញាជាតួអង្គដ៏សំខាន់នៅក្នុងផ្នែកភាសាអង់គ្លេស។ បេសកកម្មរបស់កញ្ញា មុល្លិកា គឺផ្សព្វផ្សាយព័ត៌មានការពិត មានប្រភពច្បាស់លាស់ ត្រឹមត្រូវ លឿនរហ័ស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល និងផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក៕