(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ជេស៉ីនដា អារដឺន (Jacinda Ardern) នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានសម្តែងការពេញចិត្តចំពោះ វិវត្តន៍នៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយូរមកហើយរវាងប្រទេសទាំងពីរ។ ការសម្តែងការពេញចិត្ត ធ្វើឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា លោកស្រីនាយករដ្ឋមន្រ្ដី ជេស៉ីនដា អារដឺន បានអបអរសាទរសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះភាពជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន និងការរៀបចំដ៏ល្អក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ព្រមទាំងទទួលស្គាល់ពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យ។ សម្តេច បានថ្លែងអំណរគុណនូវែលសេឡង់ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការសន្តិភាពនៅកម្ពុជា និងសម្រាប់ការបន្តផ្ដល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា រួមមានវិស័យអប់រំ កសិកម្ម ថាមពលកកើតឡើងវិញ និងការបោសសំអាតមីន។

នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការផ្សារភ្ជាប់ពាណិជ្ជកម្មកាន់តែខ្លាំងក្លា ការនាំចូលអង្ករបន្ថែមទៀតពីកម្ពុជាទៅកាន់នូវែលសេឡង់ និងការវិនិយោគពីប្រទេសនូវែលសេឡង់ លើវិស័យ កសិឧស្សាហកម្ម ដូចជារោងម៉ាស៉ីនកិនស្រូវជាដើម។ សម្តេច ក៏បានកោតសរសើរចំពោះការបន្តរួមចំណែករបស់នូវែលសេឡង់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រួមទាំងការផ្តល់អាហារូបករណ៍ដ៏មានសារៈសំខាន់សម្រាប់មន្ត្រីរដ្ឋាភិបាល និងនិស្សិតកម្ពុជាផងដែរ។

ចំពោះទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកស្រី ជេស៉ីនដា អារដឺន ចំពោះការគាំទ្ររបស់នូវែលសេឡង់ សម្រាប់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំរបស់នូវែលសេឡង់ក្នុងការធ្វើឱ្យកាន់តែស៉ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញការអនុវត្តនៃការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន។ សម្តេចបានបញ្ជាក់ពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានលើកឡើងជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យឬមានវត្តមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយគត់គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន៕